Cambodia
New Details

Image
ទទួលជំនួបពិភាក្សាការងាររបស់គណៈប្រតិភូក្រសួងផែនការ និងវិនិយោគ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងដំណើរទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា
January 25, 2025

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងភអិវឌ្ឍន៍ បានទទួលជួបលោកជំទាវ Phonevanh Outhavong អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ប្រតិភូ រួមមានតំណាងក្រសួងការបរទេស  ក្រសួងសុខាភិបាល ក្រសួងអប់រំ និងអង្គការ UNFPA ប្រចាំប្រទេសឡាវ។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់លោកជំទាវ អនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកសិក្សាស្វែងយល់បន្ថែម អំពីការអនុវត្តសកម្មភាពប្រជាជននិងអភិវឌ្ឍន៍ ដែលការងារនេះដឹកនាំដោយក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីប្រទេសកម្ពុជា ក្នុងការបង្កើតយន្តការសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍ នៅប្រទេសឡាវ។

ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូបានចុះសិក្សាស្វែងយល់ នៅតាមក្រសួងនានាមួយចំនួន រួមទាំងក្រសួងសុខាភិបាល ដើម្បីដកបទពិសោធន៍ពីការីកចម្រើន និងជោគជ័យ នៃវិស័យសុខាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍ជូនភាគីមិត្ត អំពីការស្តារ និងអភិវឌ្ឍន៍វិស័យសុខាភិបាល ឡើងវិញបន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់ដោយរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ រហូតដល់សម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សមុនកាលបរិច្ឆេទកំណត់ រួមទាំងអត្រាមរណភាពមាតា ទារកនិងកុមារ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសរំលេចពីយុទ្ធសាស្រ្តអាទិភាពទាំង៩ ដែលក្រសួងសុខាភិបាលបានដាក់ចេញដើម្បីអនុវត្តផែនទីចង្អុលផ្លូវឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសាកល នាឆ្នាំ២០៣៥។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចែករំលែកបទពិសោធន៍ នៃកិច្ចសហប្រតិបត្តការជាមួយដៃគូអភិវឌ្ឍ តាមរយៈយន្តការសម្របសម្រួលក្រុមការងារបច្ចេកទេសសុខាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានធ្វើបទបង្ហាញអំពីគណៈកម្មាធិការសម្របសម្រួលជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍ ក្នុងប្រទេសកម្ពុជា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធកម្មវិធីគាំពារមាតានិងទារក ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវិស័យសុខាភិបាល ពិសេសការកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និងកុមារ។

លោកជំទាវអនុរដ្ឋមន្រ្តី បានសម្តែងការកោតសរសើរចំពោះការវិវត្តន៍រីកចម្រើនវិស័យសុខាភិបាលកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះការចែករំលែកបទពិសោធន៍ដ៏មានសារៈសំខាន់។ លោកជំទាវអនុរដ្ឋមន្រ្តី បានគូសរំលេចថា ស្ថានភាពរបស់ប្រទេសឡាវ និងប្រទេសកម្ពុជាមានភាពស្រដៀងគ្នាទាំងទំនៀមទំលាប់ ប្រពៃណី និងសាសនា ដូច្នេះអ្វីដែលគណៈប្រតិភូបានសិក្សាស្វែងយល់នៅកម្ពុជានឹងអាចយកទៅអនុវត្តនៅប្រទេសឡាវបាន ពិសេសវិស័យសុខាភិបាល។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការក្រសួងផែនការ   ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល និងនាយកដ្ឋានឱសថ ចំណីអាហារ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល ព្រមទាំងអង្គការ UNFPA ប្រចាំកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7