Cambodia
New Details

Image
វគ្គបណ្តុះបណ្តាលអំពីការអនុវត្តគោលការណ៍ណែនាំជាតិស្តីពី ការគ្រប់គ្រងការប្រើប្រាស់ឱសថ ប្រឆាំង មេរោគ ២០១៩ ដែលផ្តោតលើការអង្កេតចំណុចប្រេវ៉ាឡង់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
January 25, 2025

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នំា២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងដោយមានការចង្អុលបង្ហាញពីឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានចូលរួមជាគណអធិបតីនិងបើកវគ្គបណ្តុះបណ្តាល អំពីការអនុវត្តគោលការណ៍ណែនាំជាតិស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ២០១៩ ដែលផ្តោតលើការអង្កេតចំណុចប្រេវ៉ាឡង់ដល់ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមន្ទីរពេទ្យមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ ក្នុងការបង្កើតផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តកម្មវិធីការគ្រប់គ្រង ឱសថប្រឆាំង មេរោគក្នុងការព្យាបាលថែទាំអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ 

វគ្គបណ្តុះបណ្តាលធ្វើឡើងរយៈពេល២ថ្ងៃ ដែលមានគោលបំណងដូចខាងក្រោម៖

- លើកកម្ពស់ការផ្លាស់ប្តូរឥរិយាបទក្នុងការចេញវេជ្ជបញ្ជា និងអនុវត្តការចែកចាយឱសថប្រឆាំងមេរោគក្នុងនោះការកសាងសមត្ថភាព ការអនុវត្តល្អរបស់មន្រ្តីសុខាភិបាលនៃនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដោយការប្រើប្រាស់ឱសថប្រឆាំងមេរោគប្រកបដោយសនិទានភាព តក្កភាព និងធ្វើឱ្យប្រសើរគុណភាព លទ្ធផលសុខភាពរបស់អ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និង

- ការចំណាយមិនចាំបាច់ក្នុងការទិញឱសថប្រឆាំងមេរោគ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរងក៏បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ត្រូវពង្រឹងសមត្ថភាពជាប្រចាំប្រមដោយបុរេសកម្មដោយជួយបណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍បញ្ហាប្រឈម និងអន្តរាគមន៍ជាមួយមន្ទីរពេទ្យជាតិជាដៃគូពិសេសបណ្តុះបណ្តាលបន្ត ដល់មន្រ្តីនៅមន្ទីរពេទ្យបង្អែកកម្រិត២មន្ទីរពេទ្យបង្អែកកម្រិត១និងវិស័យឯកជនចូលរួមកាត់បន្ថយការកើនឡើងបន្តទៀតនូវការកើនឡើងភាពស៊ាំនៃឱសថប្រឆាំងមេរោគ ដើម្បីធានានិរន្តរភាពក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងធ្វើឱ្យប្រសើរការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមផងដែរដោយ ឯកឧត្តម ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ លោកសាស្រ្តាចារ្យ កឹម សាវួន អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ តំណាងអង្គការ KHANA/ICARS ប្រធានមន្ទីរពេទ្យ និងគ្រូសម្របសម្រួលពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំមន្រ្តីរាជការថ្នាក់ដឹកនាំការិយាល័យស្រុកប្រតិបត្តិសំពៅមាស និងសិក្ខាកាមជាក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៃមន្ទីរពេទ្យ សរុបចំនួន៤៦ រូប(ស្រី១៨រូប)។

ឆ្លៀតក្នុងកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរង រួមជាមួយឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ក៏បានចុះពិនិត្យមើលសកម្មភាពបម្រើសេវា ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ព្រមលើកទឹកចិត្ត និងជំរុញដល់ការស្នើសុំបង្កើត “មន្ទីរពិសោធន៍មីក្រូជីវសាស្រ្ត“ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពមន្ទីរពេទ្យ និងការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9