Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
January 26, 2025

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹង គុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងចំណុចកែលម្អបន្ថែមនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

ក្រោយពីបានស្ដាប់របាយការណ៍ប្រជុំ ក៏ដូចជាមតិយោបល់ចូលរួមពីអង្គប្រជុំ ឯកឧត្តមសាស្ត្រាចារ្យ បានកោតសរសើរវាយតម្លៃខ្ពស់ដល់មន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល និងមានការរីកចម្រើនប្រៀបនិងការចុះអភិបាលកិច្ចកន្លងមក។

ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ណែនាំ សំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៅលើ៖ 

- ការលេីកទឹកចិត្តអោយមន្រ្តីពង្រឹងសមត្ថភាពតាមរយ:ការស្នេីរសុំវគ្គបណ្តុះបណ្តាលបន្តតាមមន្ទីរពេទ្យថ្នាក់ជាតិដែលជាដៃគូសហការ

- ការប្រជុំពិភាក្សាពង្រឹងសមត្ថភាពបច្ចេកទេស អំពីករណីជំងឺតាម ផ្នែកនីមួយៗ ឬផ្នែកពាក់ព័ន្ធ

- ពិនិត្យនិងពង្រឹងសមត្ថភាពផ្អែកសង្រ្គោះបន្ទាន់ ផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្ត្រ ដែលជាចំនុចសំខាន់ក្នុងការពង្រឹង គោលបំណង ធ្វើអោយផ្នែកទាំងបួននេះ ផ្តល់សេវាប្រកបដោយគុណភាព និងសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ

- ពិនិត្យណែនាំក្នុងការប្រើប្រាស់ថវិការក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព

- ការរៀបចំឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តផ្សេងៗ អោយមានភាពត្រឹមត្រូវ។ 

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានណែនាំដល់មន្រ្តី ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត តាមតួនាទីភារកិច្ចបានប្រគល់ជូន និងអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធី នយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវវឌ្ឍនភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7