Cambodia
New Details

Image
ពិធីបិទសិក្ខាសាលាបូកសរុបប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តសំណុំឧបករណ៍តាមដាន និងការកែលម្អគុណភាពសេវាសុខាភិបាល កម្រិត២
January 26, 2025

ខេត្តកំពត៖ នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយបានទទួលនូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ្រប់គ្រងគម្រាងលើកកម្ពស់សមធម៌ និងគុណភាពសេវាសុខាភិបាល-ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាបូកសរុបប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាល កម្រិត២ ដែលរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ។ សិក្ខាសិលានេះបានប្រព្រឹត្តក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ 

សិក្ខាសាលាមានគោលបំណងបង្ហាញ វឌ្ឍនភាពនៃសកម្មភាពការងារប្រចាំឆ្នាំ២០២៤ ផ្សព្វផ្សាយសេចក្តីណែនាំក្នុងការអនុវត្តយន្តការនៃសំណុំឧបករណ៍កម្រិត២ (NEQMT-2) សម្រាប់ឆ្នាំ២០២៥ និងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់តាមដាន និងវាយតម្លៃការពេញចិត្តរបស់អតិថិជនចំពោះសេវាសុខាភិបាល។ 

លទ្ធផលនៃអង្គសិក្ខាសិលាក្នុងរយៈពេលបីថ្ងៃនេះបាន៖

១. ពិនិត្យវឌ្ឍនភាព និងបញ្ហាជួបប្រទះក្នុងការអនុវត្តសកម្មភាពកែលម្អគុណភាពសេវាសុខាភិបាលឆ្នាំ២០២៤ និងរិះរកដំណោះស្រាយលើកកម្ពស់ការអនុវត្តក្នុងឆ្នាំ២០២៥។ 

២. ចែករំលែកបទពិសោធន៍ក្នុងការងារលើកកម្ពស់គុណភាព នៅថ្នាក់មន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងដៃគូអភិវឌ្ឍន៍។

៣.ពិនិត្យឡើងវិញ និងដាក់ឱ្យអនុវត្តនូវស្តង់ដាជាតិគុណភាពមណ្ឌលសុខភាព និងស្តង់ដាជាតិគុណភាពមន្ទីរពេទ្យបង្អែក ព្រមទាំងឧបករណ៍វាយតម្លៃមន្ទីរសុខាភិបាល

៤. ផ្សព្វផ្សាយសេចក្តីណែនាំ សម្រាប់ការអនុវត្តយន្តការជាតិតាមដានបង្កើនគុណភាពសេវាសុខាភិបាល ឆ្នាំ២០២៥

៥.បណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការស្ទង់មតិអំពីការពេញចិត្តរបស់អតិថិជនចំពោះសេវាសុខាភិបាល។ 

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សរុបចំនួន ១០០នាក់ ដែលអញ្ជើញមកពីថ្នាក់ជាតិ រាជធានី ខេត្ត ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងអង្គការដៃគូអភិវឌ្ឍន៍រួមមាន World Bank GFF DFAT USAID-EQHA II-FHI360 ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9