Cambodia
New Details

Image
ការងារចុះត្រួតពិនិត្យ និងពង្រឹងការងារគ្រប់គ្រងឱសថនៅក្នុងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែកខេត្តនៃខេត្តពោធិ៍សាត់
January 27, 2025

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះទៅខេត្តពោធិ៍សាត់ ដើម្បីចុះអភិបាលការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក(CPA1) និងមន្ទីរពេទ្យខេត្តពោធិ៍សាត់ (CPA3) រួមមាន ឃ្លាំងឱសថមន្ទីរពេទ្យខេត្តពោធិ៍សាត់ ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកក្រគរ ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកកណ្ដៀង មណ្ឌលសុខភាពស្នាអន្សា មណ្ឌលសុខភាពអូរសណ្ដាន់ មណ្ឌលសុខភាពបឹងកន្ទួត មណ្ឌលសុខភាពព្រៃញី មណ្ឌលសុខភាពពាលញែក។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ 

១) ការងារគ្រប់គ្រងមណ្ឌលសុខភាពទាំងមូល

២) ការងារពង្រឹងគុណភាពការផ្ដល់សេវាសុខាភិបាលក្នុងមណ្ឌលសុខភាពទាំងមូល

៣) អនាម័យក្នុងបរិវេណមណ្ឌលសុខភាព

៤) អនាម័យក្នុងមណ្ឌលសុខភាព

៥) អនាម័យក្នុងឃ្លាំងឱសថ

៦) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកនិងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។                                                                                                                                              

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋ

មន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់  និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ មន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) និងមន្ទីរពេទ្យខេត្តពោធិ៍សាត់ កម្រិត(CPA3) នៅក្នុងខេត្តពោធិ៍សាត់ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7