រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពឆ្នាំ២០២៤ របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (United Nations Development Program-UNDP) និងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស លើកទី១ (First Meeting of Country Program Board for UNDP Cambodia) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម រិទ្ធ វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍកម្ពុជា នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោកស្រី Alissar Chaker នាយិកាប្រចាំកម្ពុជា នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិ UNDP ព្រមទាំងមានការចូលរួមរបស់ថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័ននានា របស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៣០រូប។
គោលបំណងកិច្ចប្រជុំ គឺពិភាក្សា និងពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ (Country Program Development-CPD) របស់ UNDP ដែលត្រូវបានអនុម័តដោយរដ្ឋជាសមាជិក កាលពីខែមករា ឆ្នាំ២០២៤ នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ ឯកសារ CPD គឺជាផែនការសកម្មភាពអន្តរវិស័យ រួមទាំងវិស័យសុខាភិបាល សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលសម្របសម្រួលដោយ UNDP និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឆ្លៀតក្នុងឱកាសកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរដល់អង្គការ UNDP ដែលបានសម្របសម្រួលបង្កើតផែនការសកម្មភាពដ៏មានសារៈសំខាន់នេះ សម្រាប់ការឈានទៅសម្រេចបានការចាកចេញរបស់កម្ពុជា ពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច នាឆ្នាំ២០២៩ ជាពិសេស សូចនាករទាក់ទងនឹង វិស័យសុខាភិបាលបានតម្រឹមជាមួយនឹងសូចនាករផែនទីចង្អុលផ្លូវឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសាកលរបស់កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះអង្គការ UNDP ដែលបានគាំទ្រក្រសួងសុខាភិបាល ទៅលើសកម្មភាពចំនួន២ ក្នុងឆ្នាំ២០២៤ កន្លងមក គឺការពង្រឹងសមត្ថភាពលទ្ធកម្មសុខាភិ បាល និងការបណ្តុះបណ្តាល ស្តីពីការពង្រឹងប្រព័ន្ធព័ត៌មានហិរញ្ញប្បទានសុខាភិបាល ដល់មន្ត្រីសុខាភិបាល នៅថ្នាក់ក្រោមជាតិ ព្រមទាំងបានស្នើសុំអង្គការ UNDP បន្តគាំទ្រក្រសួងសុខាភិបាលបន្ថែមទៀត។