រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានដឹកនាំប្រតិភូសុខាភិបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព អមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ចូលរួមទទួលស្វាគមន៍គណៈប្រតិភូ នៃគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា ដែលបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាព នៃការផ្ដល់សេវាជូនប្រជាជននៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ឡោក ខេង បានកោតសរសើរចំពោះការដឹកនាំរបស់ លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មការមន្ទីរពេទ្យ ដោយមិននឹកស្មានថា មន្ទីរពេទ្យនេះមានការរីកចម្រើនបានឆាប់រហ័ស ហើយបានគោរពដឹងគុណ និងស្ញប់ស្ញែងដល់ទស្សនវិស័យដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងមន្ទីរពេទ្យនេះឡើង សម្រាប់ជាប្រយោជន៍ដល់សុខភាពសាធារណៈ ព្រមទាំងថ្លែងអំណរគុណចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នូវកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ជំងឺឆ្លង ពិសេសបច្ចុប្បន្ន ឯកឧត្តសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើការយ៉ាងសកម្ម ផ្នែកអប់រំសុខភាព ជូនប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ។
លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់ គណៈកម្មការទី៨ នៃរដ្ឋសភា និងបាន អញ្ជើញជូន គណ:ប្រតិភូ ទស្សនកិច្ច តាមផ្នែក សំខាន់ៗ ក្នុងមន្ទីរពេទ្យជាក់ស្ដែងដូចជា នៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែក មន្ទីរពិសោធន៍ ផ្នែក ពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាព រូបភាពវេជ្ជសាស្ត្រ (CT Scan និង MRI) សម្ភព និងរោគស្ត្រី និងបាន សួរសុខទុក្ខស្ដ្រីដែលបានអញ្ជើញមកទទួលសេវាពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាពផងដែរ។
ជាលទ្ធផល លោកជំទាវប្រធាន និង សមាជិក គណៈប្រតិភូ បានកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ដែលបានសហការគ្នាតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោមក្នុងការ ផ្តល់ សេវា ជូន ប្រជាពលរដ្ឋ ដោយមិនគិតអ្នកមាន អ្នកក្រ និង ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ ដែលស្របតាមគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែល ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។