រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក វេទិកាគ្រូពេទ្យបេះដូងកុមារកម្ពុជា-កូរ៉េ ឆ្នាំ២០២៥ នៅសណ្ឋាគារ សូហ្វ៊ីតែលភូគីត្រាភ្នំពេញ។
វេទិកានេះធ្វើឡើងក្នុងគោលបំណង រួមគ្នាបង្កើនគុណភាព និងសមត្ថភាពគ្រូពេទ្យបេះដូងកុមារ តាមរយៈ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺបេះដូងលើកុមារ រវាង អ្នកឯកទេសជំងឺបេះដូងកុមារកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ។
តាងនាម ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងអបអរសាទរដល់អង្គការ អន្តរជាតិហេប្រុន និងមន្ទីរពេទ្យគន្ធបុប្ផា ដែលបានរៀបចំឱ្យមានការជួបជុំគ្នាក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ សម្រាប់ការថែទាំសុខភាពបេះដូងកុមារកម្ពុជា និងជាសក្ខីភាពបញ្ជាក់ពីភាពជាដៃគូរវាងអ្នកជំនាញនៃប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារ សុខភាពកុមារកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ថា ដោយមានការគាំទ្រពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារគន្ធបុប្ផា និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រុមគ្រូពេទ្យជំនាញកម្ពុជាបានធ្វើការវះកាត់បេះដូង កុមាររាប់ពាន់នាក់ដោយជោគជ័យ និងធានាថាកុមារ កាន់តែច្រើនអាចទទួលបានការថែទាំប្រកបដោយ គុណភាពខ្ពស់ ដោយផ្ទាល់នៅក្នុងប្រទេសរបស់យើង។ នេះជាមោទនភាពមួយសម្រាប់ជាតិយើង ដែលយើងបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ ពង្រឹងការបណ្តុះបណ្តាលជំនាញ និងផ្តល់លទ្ធភាពទទួលបានការព្យាបាលកាន់តែប្រសើរឡើង សម្រាប់កុមារ ដែលមានជំងឺបេះដូងពីកំណើត។
ការប្រមូលផ្តុំអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ ជាពិសេសអ្នកជំនាញឯកទេសបេះដូងកុមារមកពីសាធារណៈរដ្ឋកូរ៉េ និងមន្ទីរពេទ្យជាតិកម្ពុជានាឱកាសនេះ គឺជាជំហានឆ្ពោះទៅមុខមួយទៀត តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរ ចំណេះដឹង និងនវានុវត្តន៍ ដែលនឹងជួយអភិវឌ្ឍបន្ថែមទៀត នូវការរកឃើញទាន់ពេលវេលា អន្តរាគមន៍ កម្រិតខ្ពស់ និងដំណោះស្រាយថែទាំសុខភាពប្រកបដោយនិរន្តរភាពសម្រាប់ជំងឺបេះដូងកុមារកម្ពុជា។
គួរបញ្ជាក់ថា វេទិកាគ្រូពេទ្យបេះដូងកុមារកម្ពុជា-កូរ៉េ ឆ្នាំ២០២៥ នេះមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យ ឯកទេសបេះដូងកុមារមកពីសាកលវិទ្យាល័យ និងមន្ទីរពេទ្យល្បីៗនៃសាធារណៈរដ្ឋកូរ៉េ គ្រូពេទ្យឯកទេស បេះដូងកុមារនៃមន្ទីរពេទ្យគន្ធបុប្ផា និងនិស្សិតដែលកំពុងបន្តការសិក្សាជំនាញឯកទេសបេះដូង មកពីសាកល វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុបចំនួន២៥០នាក់ ព្រមទាំងមានការផ្សាយផ្ទាល់តាមរយៈប្រព័ន្ធនិម្មិត ផងដែរ។