ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះទៅខេត្តបាត់ដំបង ដើម្បីចុះអភិបាលការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្តបាត់ដំបង (CPA3)។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការងារគ្រប់គ្រងមណ្ឌលសុខភាពទាំងមូល
២) ការងារពង្រឹងគុណភាពការផ្ដល់សេវាសុខាភិបាលក្នុងមណ្ឌលសុខភាពទាំងមូល
៣) អនាម័យក្នុងបរិវេណមណ្ឌលសុខភាព
៤) អនាម័យក្នុងមណ្ឌលសុខភាព
៥) អនាម័យក្នុងឃ្លាំងឱសថ
៦) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកនិងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ មន្ទីរពេទ្យបង្អែករកា(CPA1) មន្ទីរពេទ្យបង្អែកមោងឬស្សី (CPA2) និងមន្ទីរពេទ្យខេត្តបាត់ដំបង កម្រិត(CPA3) នៅក្នុងខេត្តបាត់ដំបង ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា ទីតាំងដែលក្រុមការងារចុះត្រួតពិនិត្យមានចំនួន៨ ដែលមានដូចជា៖ ឃ្លាំងឱសថមន្ទីរពេទ្យខេត្តបាត់ដំបង ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកមោងឬស្សី (CPA2) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែករកា (CPA1) មណ្ឌលសុខភាពឬស្សីក្រាំង មណ្ឌលសុខភាពព្រៃស្វាយ មណ្ឌលសុខភាពមោង មណ្ឌលសុខភាពតាលាស់ និងមណ្ឌលសុខភាពជ្រៃ។