Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាលជុំទី៣ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី
February 09, 2025

ខេត្តរតនគិរី៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧  ខែកុម្ភៈ ឆ្នាំ២០២៥ ដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាន់ សាប់អី  រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យខេត្ត ជាមួយលោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងចំណុចកែលម្អបន្ថែមនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ការចុះពិនិត្យវឌ្ឍនភាព គឺធ្វើឡើងក្នុងគោលបំណងជួយគាំទ្រ ទៅលើដំណើរការ នៃការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យ និងជួយរៀបចំលំហូរអ្នកជំងឺ ជាពិសេសផ្នែកពិគ្រោះអ្នកជំងឺក្រៅ ផ្នែកចុះឈ្មោះ និងកន្លែងបង់ប្រាក់។ 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ដល់មន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល ដោយពង្រាយបុគ្គលិកគ្រប់ផ្នែក មានក្រមសីលធម៌ល្អ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងបានចូលរួមដោះស្រាយបញ្ហាមួយចំនួន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់នូវការណែនាំ សំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៅលើការពិនិត្យ និងពង្រឹងសមត្ថភាពផ្អែកសង្រ្គោះបន្ទាន់ ផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្ត្រ ដែលជាចំនុចសំខាន់ក្នុងការពង្រឹង គោលបំណង ធ្វើអោយផ្នែកទាំងបួននេះ ផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងជាទីទុកចិត្តជូនដល់ប្រជាពលរដ្ឋ និងការរៀបចំឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តិផ្សេងៗ ឱ្យមានភាពត្រឹមត្រូវ ។ 

ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានកោតសរសើរ ថ្លែងនូវការអរគុណដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិក មន្រ្តីរាជការទាំងអស់ដែលបាននឹង កំពុងខិតខំប្រឹងប្រែងបំពេញការងារភារកិច្ច តាមតួនាទីបានយ៉ាងសស្រាក់សស្រាំ ប្រកបដោយលទ្ធផលគួរជាទីមោទនៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវវឌ្ឍនភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10