ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកពេទ្យនៃមណ្ឌលសុខភាពរវៀងក្នុង ខេត្តព្រះវិហារ ដែលជាអំណោយរបស់ប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Grassroot Human Security Project) រឺ KUSANONE នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។
កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ លោក NAGASE Kensuke ឧបទូត និងជាអនុប្រធានបេសកកម្មកាតទូតនៃស្ថានទូតជប៉ុនប្រចំាកម្ពុជា លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ លោកជំទាវប៉ាង រ៉ាវី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរសខាភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បែងមានជ័យ អាជ្ញាធរមូលដ្ឋាន ប្រធានមណ្ឌលសុខភាព តំណាងក្រុមទ្រទ្រង់សុខភាពភូមិ និងយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា កាកបាតក្រហម រួមទាំងកាយរិទ្ធ សរុបចំនួន ៥៥០នាក់។
ក្នុងនាមតំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល នាឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់អំណោយអគារសម្រាកពេទ្យថ្មី ដ៏វិសេសវិសាលមួយនេះ និងរម្លឹកថ្លែងអំណរគុណដល់ដៃគូនានា ដែលបានជួយគាំទ្រលេីការអភិវឌ្ឍវិស័យសុខភិបាលនៅក្នុងប្រទេសកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្មួយៗទាំងអស់ដែលមានវត្តមានក្នុងអង្គពិធីនេះ ហេីយបានធ្វេីការណែនាំឱ្យចេះថែរក្សាសុខភាពផ្ទាល់ខ្លួន កុំរងចាំទាល់តែឈឺខ្លាំងទេីបទៅរកពេទ្យមេីល ដែលលោកជំទាវបានចាត់ទុក “បុគ្គលម្នាក់ គឺជាអ្នកអប់រំ និងជាអ្នកថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារខ្លួនជាបឋមដ៏ល្អប្រសេីរ” ជាពិសេសត្រូវចូលរួមកាត់បន្ថយជាអតិបរិមានូវជំងឺមិនឆ្លង ដោយអនុវត្តន៍ “តិចអំបិល តិចខ្លាញ់ តិចស្ករ” កាត់បន្ថយការប្រេីប្រាស់គ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិចផងដែរ។ ជាមួយគ្នានោះ លោកជំទាវដ្ឋលេខាធិការ បានណែនាំឱ្យមានការចេះថែទាំអគារមណ្ឌលសុខភាព ចេះជួសជុលឱ្យបានទាន់ពេល ហេីយអគារថ្មីនេះ ក៏ត្រូវថែរក្សាឱ្យនៅស្អាតបាតជាប្រចាំ។ មណ្ឌលសុខភាព ត្រូវមានអនាម័យល្អ ទន់ភ្លន់រាក់ទាក់ជាមួយអតិថិជន យកចិត្តទុកដាក់លេីការបម្រេីសេវា ២៤ម៉ោងជារៀងរាល់ថ្ងៃ បង្កេីនចំណេះដឹង និងចំណេះធ្វេី ហេីយទាំងអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និងបុគ្គលិកពេទ្យទាំងអស់ ត្រូវសហការគ្នាជំរុញការអភិវឌ្ឍមណ្ឌលសុខភាពនៅទូទាំងខេត្ត ប្រែក្លាយទៅជាមណ្ឌលសុខភាពគំរូ ឱ្យបានចំនួន១០ មណ្ឌលសុខភាពមិនសូវដំណេីរការ ត្រូវជំរុញឱ្យបានល្ល្អជាមធ្យម និងមធ្យម ឱ្យបានល្អប្រសេីរ រមទាំងសហការគ្នាជំរុញបង្កេីនការថែទាំសុខភាពបឋម ដោយកៀរគរការចូលរួមរបស់សហគមន៍ ឱ្យសម្រេចបានតាមផែនការឆ្នាំ២០២៥ ដែលបានអនុម័តរួចហេីយ។
ជាទីបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានកាត់ខ្សែបូរ ជានិមិត្តរូបនៃការដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវអគារសម្រាកព្យាបាលជំងឺថ្មីមួយខ្នងនេះ ជាមួយនិងចុះហត្ថលេខាលេីក្រាំងមាស ព្រមទាំងបានរួមគ្នាជាមួយតំណាងស្ថានទូតជប៉ុន ដាំដេីមឈេីនៅក្នុងបរិវេណមណ្ឌលសុខភាពផងដែរ។
គួរបញ្ជាក់ថា អគារសម្រាកពេទ្យមួយខ្នងនៃមណ្ឌលសុខភាពរវៀងនេះ មានកម្ពស់មួយជាន់ មានបន្ទប់ចំនួន១៣ និងបន្ទប់ទឹកចំនួន៤ ហើយមានទីតាំងស្ថិតនៅ ក្នុងភូមិបាក់ក្ដោង ឃុំរបៀប ស្រុងរវៀង ខេត្តព្រះវិហារ។