Cambodia
New Details

Image
បណ្តុះបណ្តាលគ្រូបង្គោលស្តីពីសេវាសង្ក្រោះបឋម និងសង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដានៃការបញ្ជូនអ្នកជំងឺ
February 12, 2025

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខ ថៃសាន្ត ខេត្តកំពង់ឆ្នាំង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដានៃការបញ្ជូនអ្នកជំងឺ។ 

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពជាគ្រូបង្គោលរបស់មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យខេត្ត និងស្រុក ព្រមទាំងឈានទៅរកការបណ្តុះជាបន្តដល់មណ្ឌលសុខភាពដើម្បីជំរុញសេវាសុខាភិបាលកាន់តែមានគុណភាពប្រសើរឡើង។ 

ឯកឧត្តមសាស្រ្តាចារ្យក៏បានណែនាំដល់សិក្ខាកាមដែលអញ្ជើញមកចូលរួម ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងថ្នាក់ជាតិ ថ្នាក់ខេត្ត និងស្រុក និងហ៊ានសាកសួរពីសំណួរចម្ងល់ផ្សេងៗដែលមាន ដើម្បីជំរុញវគ្គបណ្តុះបណ្តាលប្រកបដោយគុណភាព។ ឯកឧត្តមអគ្គនាយករងបច្ចេកទេសសុខាភិបាលក៏បានណែនាំឱ្យសិក្ខាកាមដែលជាក្រុមការងារគ្រូបង្គោលថ្នាក់ខេត្ត និងស្រុក ចេះដោះស្រាយបញ្ហាដែលមាននៅនឹងកន្លែងតាមរយៈការធ្វើ RCP ស្របតាមអនុសាសន៍ណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីជួយជំរុញប្រសិទ្ធភាពការងារសុខាភិបាលឱ្យកាន់តែប្រសើរ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ ដោយមានបទបង្ហាញពីទ្រឹស្តី និងមានការចុះអនុវត្តផ្ទាល់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយសមាសភាពចូលរួមចំនួន៤៩ រូប រួមមានអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ក្រុមការងារគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់មកពីមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យស្រុកក្នុងខេត្តកណ្តាល និងក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់មកពីមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8