រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) បានអញ្ជើញចូលរួមក្នុងយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអុីធឺណិតឆ្នាំ២០២៥ ក្រោមប្រធានបទ «កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ» ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គជបជ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគជបជ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។
យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវជាងមុន ដោយផ្តោតលើកុមារ និងមនុស្សវ័យក្មេង។
យុទ្ធនាការនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ នៃបណ្តាក្រសួងស្ថាប័ន អង្គការ ក្រុមហ៊ុនឯកជន ជាដៃគូរឧបត្ថម្ភគាំទ្រ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបអ្នកចូលរួម ១២០០នាក់។