Cambodia
New Details

Image
កិច្ចប្រជុំ ស្តីពីការអភិវឌ្ឍផែនការសុខភាពក្នុងពន្ធនាគារ
February 12, 2025

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ឯកឧត្ដមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញអធិបតីបើកបិទប្រជុំស្តីពីការអភិវឌ្ឍផែនការសុខភាពក្នុងពន្ធនាគារ ក្នុងគោលបំណងដើម្បីរៀបចំផែនការសកម្មភាពសុខភាពក្នុងពន្ធនាគារ។

ក្នុងឱកាសនេះ ឯកឧត្ដមអគ្គនាយកបច្ចេកទេសសុខាភិបាល បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងគាំទ្រសកម្មភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងពន្ធនាគារ/មណ្ឌលកែប្រែ។ ជាមួយគ្នាផងដែរ ឯកឧត្ដមអគ្គនាយក ផ្តល់អនុសាសន៍ដូចខាងក្រោម៖

-សុំឱ្យពន្ធនាគារ/មណ្ឌលកែប្រែទាំងអស់រៀបចំផែនការ ជាមួយមណ្ឌលសុខភាព ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត

-សុំឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ចុះត្រួតពិនិត្យ ប៉ុស្តិ៍សុខភាពឱ្យបានទៀងទាត់

-សុំឱ្យមានការគាំទ្រដល់ការបញ្ជូនអ្នកជំងឺដោយសហការណ៍យ៉ាងជិតស្និទ្ធ និងការប្រើប្រាស់គិលានសង្គ្រោះឱ្យបានសមស្រប

-សុំឱ្យជួយបណ្តុះបណ្តាល ស្រាវជ្រាវជំងឺ សុខភាពមាតា និងទារក សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដោយសហការជាមួយនាយកដ្ឋាន និងមជ្ឈមណ្ឌលជាតិដែលពាក់ព័ន្ធ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះសហរៀបចំដោយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងអគ្គនាយដ្ឋានពន្ធនាគារ មានរយៈពេល ១ថ្ងៃ គាំទ្រថវិកាដោយអង្គការ ស៊ី អារ អែស ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឃៀង សុណាឌីន ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា នៃក្រសួងមហាផ្ទៃ មន្ត្រីនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិកំចាត់រោគ របេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តតាកែវ កំពត ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង អង្គការជាតិ អន្តរជាតិ សរុប ៤៣រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10