រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅការិយាល័យធនាគារពិភពលោក ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារអនុវត្តរបស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដើម្បីកំណត់ទិសដៅបន្ទាប់ក្នុងការអនុវត្តឱ្យកាន់រលូន និងមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលគម្រោង ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមបច្ចេកទេសគម្រោង ឯកឧត្តម លោក លោកស្រីជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយដែលដឹកនាំដោយ លោកបណ្ឌិត រស់ ឈុនអៀង អគ្គនាយករង នៃទីភ្នាក់ងារជាតិបញ្ជាក់ រួមទាំងក្រុមការងារអនុវត្តគម្រោងពាក់ព័ន្ធ និងតំណាងដៃអភិវឌ្ឍន៍រួមមាន៖ World Bank, GFF, DFAT, KOICA ។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយ នៅក្នុងការអនុវត្តគម្រោង ដោយផ្តោតទៅលើផ្នែកសំខាន់ៗមួយចំនួនដូចជា៖ ១) ការពិនិត្យវឌ្ឍនភាព នៃប្រព័ន្ធកត់ត្រាទិន្នន័យវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR System) ២) វឌ្ឍនភាពអំពី កញ្ចប់តាវកាលិករបស់មូលនិធិសមធម៌ (HEF Benefit Package) ៣) វឌ្ឍនភាពការងារកិច្ចលទ្ធកម្ម និង៤) ជំហានបន្ទាប់ ដើម្បីត្រៀមក្នុងការជួបជាមួយប្រតិភូនៃធនាគារពិភពលោកសម្រាប់គាំទ្រការអនុវត្ត និងវាយតម្លៃការងារគម្រោង (ISM) ដែលគ្រោងនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាលទ្ធផលនៃអង្គប្រជុំ បានកំណត់ឱ្យដាក់ដំណើរការប្រព័ន្ធ EMR នាខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីកត់ត្រាទិន្នន័យក្នុងការផ្តល់សេវាជំងឺមិនឆ្លង។ ចំណែកកញ្ចប់តាវកាលិករបស់មូលនិធិសមធម៌ (HEF Benefit Package) ត្រូវពន្លឿនឱ្យបានឆាប់រហ័ស ដើម្បីស្របទៅតាមផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (UHC) នាឆ្នាំ២០៣៥។ ជាចុងក្រោយ លោកជំទាវនាយកគម្រោង បានមានប្រសាសន៍ណែនាំជូនក្រុមការងារ សូមពន្លឿនការកែសម្រួលនូវផែនការថវិកាឆ្នាំ២០២៥ (AWPB) របស់គម្រោង H-EQIP2 ឱ្យបានឆាប់រហ័ស ដើម្បីបន្តការអនុវត្តសកម្មភាពរបស់ PBC ទាំង៧ អាចសម្រេចទៅតាមគោលដៅដែលបានកំណត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។