Cambodia
New Details

Image
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
February 13, 2025

ខេត្តកំពត៖ ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម  សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។

គោលបំណង នៃវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាប់និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យ និងធ្វើជាគ្រូឧទ្ទេសនាមដើម្បីបណ្ដុះបណ្ដាលបន្តអំពីវិធីសង្គ្រោះបឋម និងប្រព័ន្ធបញ្ជូនទៅដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅតាមមណ្ឌលសុខភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់វគ្គបណ្តុះបណ្តាលឱ្យក្រុមគ្រូបង្គោលដែលមកពីមន្ទីរពេទ្យបង្អែកខេត្ត និងស្រុកពិនិត្យរកមូលហេតុក្នុងមន្ទីរពេទ្យរបស់ខ្លួន ទៅលើកផ្នែកសង្គ្រោះបន្ទាន់ ឬប្រព័ន្ធបញ្ជូនដែលមិនទាន់បានល្អប្រសើរ ដោយលើកយកបញ្ហានោះមកពិភាក្សា និងសុំយោបល់ពីក្រុមគ្រូបង្គោលថ្នាក់ជាតិដើម្បីជួយដោះស្រាយបញ្ហាទាំងនោះឱ្យមានភាពល្អប្រសើរ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន៥ថ្ងៃ ដោយធ្វើបទបង្ហាញទ្រឹស្ដីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្រ្គោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី នាយកដ្ឋានមន្ទីរពេទ្យ ក្រុមគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប និងសិក្ខាកាមចូលរួម ចំនួន ៤៥រូប មកពីខេត្តកំពង់ចាម និងខេត្តកំពត។

សូមបញ្ជាក់ផងដែរ ដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងគុណភាពសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់និងប្រព័ន្ធបញ្ជូននេះជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10