ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារក្រុមហ៊ុន Kenpax ដែលជាក្រុមហ៊ុនផ្គត់ផលិតផលដល់ក្រុមហ៊ុនចែកចាយឧបករណ៍បរិក្ខារពេទ្យ Mckesson របស់សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងតំណាងរដ្ឋបាលខេត្តផងដែរ ដើម្បីពិភាក្សារកធាតុចូលបន្ថែមអំពីគម្រោងពង្រីកបន្ថែម និងការបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យថ្មីមួយទៀតនៅកម្ពុជា។
នាឱកាសនេះ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគក្នុងវិស័យផលិតឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីការគាំទ្រ និងការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យនេះ ។ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី កុយ វ៉ាន់នី រដ្ឋលេខាធិការ បានពាំនាំការគាំទ្រពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល នូវគម្រោងវិនិយោគនេះ ដើម្បីជំរុញផលិតកម្មផលិតផលសុខាភិបាលក្នុងស្រុកបន្ថែមទៀត។