Cambodia
New Details

Image
ការចុះអភិបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ
February 17, 2025

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការណែនាំពី ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារពង្រឹងគុណភាពសេវាមន្ទីរពេទ្យខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលព្រមជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលមានឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត និងឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានចុះអភិបាលនៅក្នុងមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

ការចុះអភិបាលនេះធ្វើឡើងក្នុងគោលបំណងចូលរួមសម្របសម្រួលអោយមានវឌ្ឍនភាពក្នុងមន្ទីរពេទ្យខេត្តទាំងពីរ។ ក្រោយពីបានដើរពិនិត្យមើលគ្រប់ផ្នែកឃើញសកម្មភាពយ៉ាងរស់រវើករបស់មន្ទីរពេទ្យខេត្តទាំងពីរមានការរីកចម្រើន ប្រជាជនបានចូលមកទទួលពិនិត្យព្យាបាលទាំងការពិនិត្យជំងឺក្រៅ និងការមកសម្រាកក្នុងពេទ្យយ៉ាងច្រើន។ នេះជាលទ្ធផលបង្ហាញថាប្រជាជនទុកចិត្តលើគុណភាពសេវាសាធារណៈរបស់រដ្ឋយើង។ អ្វីដែលក្រុមការងារយើងបានរកឃើញនូវចំណុចខ្វះខាតមន្ទីរពេទ្យទាំងពីរបានកែលម្អហើយក្រុមការងារបានពិភាក្សាដោះស្រាយនូវបញ្ហាមួយចំនួន និងមួយចំនួនទៀតមន្ទីរពេទ្យសន្យាធានាកែលម្អនូវចំណុចខ្វះខាតអោយបានល្អបន្តទៀត។ 

នៅពេលនោះដែរក្រុមការងារបានប្រជុំរួមជាមួយមន្ត្រីក្នុងមន្ទីរពេទ្យដើម្បីលើកឡើងពីគុណសម្បត្តិ ចំណុចខ្វះខាតដែលមន្ទីរពេទ្យត្រូវរួមគ្នាដោះស្រាយឱ្យបានល្អ ជាពិសេសលើកឡើងនូវអនុសាសន៍ផ្តាំផ្ញើនូវការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការចង់បានសេវាប្រកបដោយគុណភាព និងក្រមសីលធម៌ល្អផ្តល់ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10