ទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាមន្រ្តីបង្គោលនៃក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ាន បានដឹកនាំគណ:ប្រតិភូក្រសួងសុខាភិបាលចូលរួមកិច្ចប្រជុំក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ានលើកទី៥៨ មានជាអាទិ៍៖ គណៈកម្មការសម្របសម្រួលរួមអាស៊ានស្តីពី ថែទាំលើកទី៤០ វេជ្ជសាស្ត្រលើកទី៣៦ និងទន្តសាស្ត្រលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ទីម័រលេស្តេ និងលេខាធិការដ្ឋានអាស៊ាន ក្នុងគោលបំណង៖
១) ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៦-២០២៥
២) ពិភាក្សា ចែករំលែកបទពិសោធន៍លើភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលការចល័ត នៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលក្នុងប្រទេសសមាជិកអាស៊ាន សុខាភិបាលទេសចរណ៍ និងសុខាភិបាលឌីជីថល
៣) ពិភាក្សាលើសកម្មភាពអាទិភាព សម្រាប់រៀបចំផែនការ សកម្មភាពក្រោយឆ្នាំ២០២៥ សម្រាប់សេវាកម្មវិស័យសុខាភិបាលអាស៊ាន។
បន្ថែមលេីនេះ កិច្ចប្រជុំបានពិភាក្សាអំពីយុទ្ធសាស្ត្រសម្របសម្រួល ការពង្រឹងសមត្ថភាពក្នុងការឆ្លើយតបនឹងបញ្ហាសុខភាព និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ដោយបានគិតគូរពីលទ្ធផលរំពឹងទុកដូចខាងក្រោម៖
១) អនុសាសន៍គោលនយោបាយលេីសេចក្តីព្រាងក្របខ័ណ្ឌសម្រាប់លើកកម្ពស់ការចល័តគ្រូពេទ្យក្នុងតំបន់អាស៊ាន ២) កិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងកម្មវិធីផ្លាស់ប្តូរក្នុងចំណោមស្ថាប័នដែលចូលរួម ៣) បណ្តុំចំណេះដឹងសម្រាប់ការចងក្រងលើការសិក្សា និងការអនុវត្តល្អៗសម្រាប់ជាឯកសារយោង ៤) ផែនការសកម្មភាពដេីម្បីកំណត់ជំហានបន្ទាប់សម្រាប់ការអនុវត្តដំណោះស្រាយបញ្ហា។
ជាចុងក្រោយ ក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ាន (HSSWG) និងគណៈកម្មាធិការសម្របសម្រួលសេវាកម្មអាស៊ាន (CCS) បានប្តេជ្ញាថានឹងបន្តការសហការដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាដែលទាក់ទងនឹងសុខភាព ជាពិសេសសេវាកម្មវិស័យសុខាភិបាល ឱ្យកាន់តែប្រសេីរឡេីង និងមានប្រសិទ្ធភាព ដេីម្បីរួមចំណែកឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកលនៅក្នុងតំបន់អាស៊ាន។