Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «គម្រោងមជ្ឈមណ្ឌលស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត នឹងរួមចំណែកបង្កើនប្រសិទ្ធភាពការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា»
February 18, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារជំនាញផ្នែក Cyclotron ប្រចាំ តំបន់មហាសមុទ្រឥណ្ឌា ដឹកនាំដោយលោក Christian MERIAU, Directeur du GIP CYROI។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសផ្នែក Cylotron ដែលបានមកជួយសិក្សាលម្អិតអំពីសុវត្ថិភាពវិទ្យុសកម្ម និងការការពារកាំរស្មី ក្នុងគម្រោងសាងសង់អគារវេជ្ជសាស្រ្ត ស៊ីក្លូត្រុងបន្ថែម និងផ្តល់យោបល់ ដើម្បីជាមូលដ្ឋានកាន់តែរឹងមាំសម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌល Cyclotron នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត គាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាតិគ្រប់គ្រងជំងឺមហារីក។

លោកសាស្ត្រាចារ្យ Christian MERIAU បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានអបអរសាទរដល់កម្ពុជា ជាពិសេសមន្ទីរពេទ្យកាល់ម៉ែត ដែលបានចាប់ផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌល Cyclotron ហើយនឹងដាក់ឱ្យដំណើរការម៉ាស៊ីន PET CT ដើម្បីដើរឱ្យទាន់សភាពការណ៍វិវត្តរីកចំរើនផ្នែកខាងវិទ្យាសាស្រ្តវេជ្ជសាស្រ្ត។ ជាមួយគ្នានេះ លោកបានបញ្ជាក់អំពីគោលបំណងជួយកម្ពុជាបន្ថែមរួមមាន៖

១-  ជួយបណ្តុះបណ្តាលនិស្សិត និងអ្នកជំនាញការជនជាតិខ្មែរ លើបច្ចេកទេសស៊ីក្លូត្រុង 

២-  ទទួលនិស្សិតខ្មែរដែលចង់ធ្វើកម្មសិក្សា និងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការងារស៊ីក្លូត្រុង

៣-  ជួយសម្របសម្រួលបញ្ជូនអ្នកជំនាញផ្នែកស៊ីក្លូត្រុងមកជួយបណ្តុះបណ្តាលនៅកម្ពុជា

៤-  ជួយផ្តល់ប្រឹក្សាលើបច្ចេកទេសសាងសង់សំណង់ និងដំណើរការមជ្ឈមណ្ឌលស៊ីក្លូត្រុងនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍លើគម្រោងសហប្រតបត្តិការ ដែលបានស្នើឡើងខាងលើដោយភាគីបារាំង ព្រមទាំងសង្ឃឹមនិងជឿជាក់ថា ក្រុមការងារជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត និងក្រុមការងារបច្ចេកទេស របស់លោកសាស្ត្រាចារ្យ Christian MERIAU សហការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការរៀបចំ និងការដំណើរការប្រព័ន្ធស៊ីក្លូត្រុង (Cyclotron System) នៅមន្ទីរពេទ្យកាល់ម៉ែត ឱ្យបានឆាប់រហ័សសម្រាប់ជាប្រយោជន៍ដល់អ្នកជំងឺមហារីក ដែលកំពុងទន្ទឹងរង់ចាំទទួលបានសេវាព្យាបាលកម្រិតខ្ពស់បំផុតនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19