Cambodia
New Details

Image
កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួង-ស្ថាប័ន
February 20, 2025

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួង-ស្ថាប័ន នៅសណ្ឋាគារកាំបូឌីយ៉ាណា។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីឆ្លុះបញ្ចាំងពីមុខងារ វិធីសាស្ត្រ វឌ្ឍនភាព និងមេរៀនបទពិសោធន៍ នៃការអនុវត្តការងារបញ្រ្ជាបយេនឌ័រតាម វិស័យនាពេលកន្លងមក និងកំណត់រកទិសដៅបន្ត។

កិច្ចប្រជុំនេះមានលទ្ធផលរំពឹងទុកដូចខាងក្រោម៖

•  មុខងារនិងវិធីសាស្ត្រក្នុងការបញ្រ្ជាបយេនឌ័រតាមវិស័យបានពិភាក្សា និងទទួលបានធាតុចូលបន្ថែមទៀតពីអ្នកចូលរួម

•  កំណត់បាននូវវឌ្ឍនភាព មេរៀនបទពិសោធន៍ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារបញ្ជ្រាបយេនឌ័រ តាមក្រសួង-ស្ថាប័ន និងទិសដៅបន្ត។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានសមាសភាពអ្នកចូលរួម សរុបប្រមាណ១០០រូប ដែលមានថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំអគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ថ្នាក់ដឹកនាំនាយកដ្ឋានក្រោមចំណុះក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំនិងក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួង-ស្ថាប័ន មន្ត្រីបច្ចេកទេសនៃស្ថាប័នពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍន៍ ក្រុមការងារក្រសួងកិច្ចការនារី។

Image 1
Image 2
Image 3
Image 4