ខេត្តកំពង់ឆ្នំាង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។
គោលបំណង នៃវគ្គបណ្តុះបណ្តាលមានដូចខាងក្រោម៖
ទី១ ពង្រឹងសមត្ថភាពគ្រូបង្គោល តាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក
ទី២ ចែករំលែកបទពិសោធន៍ជំនាញសង្គ្រោះបន្ទាន់ទៅវិញទៅមក រវាងមន្ទីរពេទ្យខេត្តកំពង់ឆ្នំាង និងមន្ទីរពេទ្យខេត្តតាកែវ
ទី៣ ស្វែងយល់ការងារ កត្តាប្រឈម រួមគ្នាដោះស្រាយរវាងក្រុមគ្រូបង្គោលថ្នាក់ជាតិ ថ្នាក់ខេត្ត និងស្រុក។
ឆ្លៀតក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមសាស្រ្តាចារ្យរងក៏បានផ្តល់អនុសាសន៍ដ៏មានសារៈសំខាន់ដល់មន្ទីរពេទ្យបង្អែកខេត្ត និងស្រុក សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំបន្ទប់សង្គ្រោះបន្ទាន់ ទី១ រៀបចំសម្ភារៈជាអាទិភាព ពិសេសរទេះសង្គ្រោះបន្ទាន់ចល័ត និងទី២ អនាម័យបន្ទប់សង្គ្រោះបន្ទាន់ដោយគោរពតាមគោលការណ៍ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ដើម្បីផ្តល់នូវការពេញចិត្ត និងភាពកក់ក្តៅជូនអតិថិជន។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយធ្វើបទបង្ហាញទ្រឹស្ដីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវះកាត់នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងចំនួន២ថ្ងៃ ដោយមានការអញ្ជើញចូលរួមដឹកនាំក្រុមអនុវត្តផ្ទាល់ដោយឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្រុមគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ក្រុមការងារសម្របសម្រួល ដោយការិយាល័យគិលានុបដ្ឋាក និងឆ្មបនៃនាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល ព្រមទាំងសិក្ខាកាមដែលជាប្រធាន អនុប្រធានមន្ទីរពេទ្យខេត្ត ស្រុក វេជ្ជបណ្ឌិតផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកពិគ្រោះជំងឺក្រៅ ដែលអញ្ជើញមកពីខេត្តតាកែវ និងខេត្តកំពង់ឆ្នាំង អ្នកចូលរួមសរុប ចំនួន ៥២រូប ។
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ឯកឧត្តមសាស្ត្រាចារ្យរង ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងសិក្ខាកាមដែលចូលរួមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គបណ្តុះបណ្តាលនេះតាំងពីដើមដល់ចប់។ ឯកឧត្តមក៏បានពាំនាំអនុសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងការពង្រឹកសេវាសុខាភិបាលមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ ក្នុងផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់ផងដែរដែលជាផែនការឆ្នាំ២០២៥ នេះ។