រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសុខាភិបាល ឆ្នាំ២០២៥-២០៣៤ (ផ.យ.ស.៤.) (HSP4) ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការទទួលបន្ទុក ទីប្រឹក្សាក្រសួង លោក លោកស្រី ប្រធានអង្គភាពថ្នាក់កណ្តាល ប្រធាននាយកដ្ឋាន។
គោលបំណងនៃកិច្ចប្រជុំ គឺពិនិត្យផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលបន្ថែមទៀត ដើម្បីឱ្យ ផ.យ.ស.៤. មានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមកម្មវិធីគោលនយោបាយអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងមានសង្គតិភាពជាមួយឯកសារ សុខភាពរបស់អង្គការសុខភាពពិភពលោក បរិបទតំបន់និងសកលលោក។ សេចក្តីព្រាង ផ.យ.ស.៤. មានរយៈពេល ១០ឆ្នាំ គិតពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៤ ជាឧបករណ៍គ្រប់គ្រងយុទ្ធសាស្រ្ត ដែលមានចក្ខុវិស័យ និងក្របខ័ណ្ឌយុទ្ធសាស្រ្តច្បាស់លាស់ ស្របតាមអាទិភាពគន្លឹះ នៃការអភិវឌ្ឍមូលធនមនុស្ស ដើម្បីជំរុញភាពជឿនលឿនសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ក្នុងបណ្តាឆ្នាំខាងមុខ សំដៅបន្តលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងថែមទៀត។