Cambodia
New Details

Image
ជំនួបពិភាក្សា អំពីការងារពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (Electronic Medical Record/EMR) នៅកម្ពុជា
March 01, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (Electronic Medical Record/EMR) ជាមួយនឹងក្រុមការងារអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា នៃក្រុមប្រឹក្សាជាតិគាំពារសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណង រៀបចំផែនការសកម្មភាពក្នុងការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (Electronic Medical Record/EMR) ឱ្យស្របតាមការចង្អុលបង្ហាញរបស់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ព្រមទាំងផែនការស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយឌីជីថលដែល សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានឯកភាពដ៏ខ្ពង់ខ្ពស់លើការរៀបចំ ដែលគ្រោងដាក់ឱ្យអនុវត្តនៅដើមត្រីមាសទី៤ ឆ្នាំ២០២៥ ខាងមុខ។ គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (Electronic Medical Record/EMR) ជាលក្ខខណ្ឌចាំបាច់ ដើម្បីធានាបានថាការអនុវត្តប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល អាចអនុវត្ត បានតាមការគ្រោងទុក និងបំពេញបានតាមការប្តេជ្ញាដែលគាំទ្រដោយប្រមុខរាជរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមក្រោមពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិគាំពារសង្គម ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល  ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម ភក្តី សម្បូរណ៍ អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ថ្នាក់ដឹកនាំ និងមន្ត្រី សរុបប្រមាណ ១៦រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10