នៅថ្ងៃព្រហស្បត្តិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងពិធីសារស្តីពី ការព្យាបាលជំងឺដែលបណ្តាលមកពី ផលប៉ះពាល់នៃការបំពុលខ្យល់ កិច្ចប្រជុំពិគ្រោះយោបល់មានគោលបំណង ដើម្បីពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាង ពិធីសារស្តីពីការព្យាបាលជំងឺដែល បណ្តាលមកពីផលប៉ះពាល់នៃការបំពុលខ្យល់
នៅក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមប្រធានបានមានប្រសាសន៍ថ្លែងអំណរគុណដល់ គ្រូពេទ្យជំនាញអញ្ជើញមកពីមន្ទីរពេទ្យជាតិ រួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យជាតិ តេជោសន្តិភាព នាយកដ្ឋានការពារសុខភាព និងអគ្គនាយកបច្ចេកទេសសុខាភិបាល ដែលបានចំណាយពេលវេលាមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមប្រធានបានណែនាំដល់ក្រុមគ្រូពេទ្យជំនាញមន្ទីរពេទ្យជាតិ នាយកដ្ឋាន និងអគ្គនាយកបច្ចេកទេស ដែលមានបទពិសោធន៍ក្នុងការរៀបចំពិធីសារនេះ ជំរុញការរៀបចំពិធីសារស្តីពី ការព្យាបាលជំងឺដែលបណ្តាលមកពីផលប៉ះពាល់នៃ ការបំពុលខ្យល់នេះឱ្យបានឆាប់រហ័ស ដោយឯកឧត្តមប្រធានយល់ថាក្នុងរយៈពេល ១សប្តាហ៍ ត្រូវរៀបចំរួចរាល់ជាសេចក្តីព្រាងលើកទី១ បន្ទាប់មកពិនិត្យ និងសម្រេច ដាក់ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីផ្តល់ការសម្រេចនាពេលដ៏ឆាប់ខាងមុខនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំមានការអញ្ជើញចូលរួម គ្រូពេទ្យជំនាញមកពី មន្ទីរពេទ្យកាល់ម៉ែត មន្ទីពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ មន្ទីរពេទ្យ តេជោសន្តិភាព តំណាងនាយកដ្ឋានការពារសុខភាព និងអគ្គនាយករងបច្ចេកទេសសុខាភិបាល។