Cambodia
New Details

Image
កិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាព និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា
March 06, 2025

 រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាព និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា។

កិច្ចប្រជុំដំបូងនេះ ដើម្បីប្រកាសសមាសភាព និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាគណៈកម្មការលើកលែងការប្រើប្រាស់ថ្នាំព្យាបាល និងគណៈកម្មការគ្រប់គ្រងលទ្ធផលដូប៉ា ដែលមានកាតព្វកិច្ចអនុវត្តអនុសញ្ញាប្រឆាំងដូប៉ាក្នុងវិស័យកីឡា។

ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា គឺជាស្ថាប័នជាតិប្រឆាំងដូប៉ាក្នុងវិស័យកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន​ និងកីឡា និងមានកាតព្វកិច្ចអនុវត្តអនុសញ្ញាប្រឆាំងដូប៉ាឱ្យបានល្អប្រសើរនៅកម្ពុជា និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអប់រំផ្សព្វផ្សាយពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បន្ថែមដល់ក្រុមការងារទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាឱ្យបន្តខិតខំស្វែងយល់ និងពង្រឹងសមត្ថភាពបន្ថែម ដូចជាការសិក្សាស្រាវជ្រាវពីប្រទេសនានា និងតាមរយៈការចូលរួមសិក្ខាសាលាជាមួយទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាពិភពលោក។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង/ស្ថាប័ន សមាជិកក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំដូប៉ា និងមន្ត្រីពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6