រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករំលឹកពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។
ក្នុងឱកាសនៃពិធីនេះ លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា ក្នុងខួបទី១១៤ នៃការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នាឆ្នាំ២០២៥នេះ បានរំលេចនូវការលើកទឹកចិត្តដល់ស្ត្រី និងក្មេងស្រីគ្រប់រូបឱ្យមានភាពក្លាហាន និងជឿជាក់លើសមភាពខ្លួនឯង ឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យបច្ចុប្បន្ន និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។
ជាទីបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ សុំឱ្យថ្នាក់ដឹកនាំ និងគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រចាំមន្ទីរពេទ្យ បន្ដចូលរួមបញ្ជ្រាបយេនឌ័រនៅក្នុងវិស័យពាក់ព័ន្ធនឹងសុខភាព និងសុខុមាលភាព អ្នកជំងឺ ដោយរួមចំណែកក្នុងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី អំពីការយល់ដឹង និងការប្រតិបត្តិត្រឹមត្រូវ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺ ឬបញ្ហាសុខភាពសាធារណៈ អាហារូបត្ថម្ភ ព្រមទាំងការស្វែងរក និងការប្រើប្រាស់សេវាថែទាំសុខភាពបានត្រឹមត្រូវ។