Cambodia
New Details

Image
ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តសៀមរាប
March 09, 2025

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ មីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកនៃខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងារ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្ត ជាមូលដ្ឋានគ្រឹះក្នុងការងារពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រង ធនធានធម្មជាតិពិសេស ថែរក្សាតំបន់អភិរក្សផ្ទៃបឹងទន្លេសាប ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមជាមួយការអនុវត្ត គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីឆ្លើយតបបានទាន់ពេលវេលានូវការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាលជាអាទិភាព គិតគូរអំពីសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងទឹកស្អាត និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ ត្រូវបន្តចុះឱ្យដល់គ្រប់បណ្ដាសាលារៀន ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកខេត្ត ដើម្បីតាមដាននិងវាយតម្លៃសកម្មភាពនៃវិស័យជាអាទិភាព សំដៅជំរុញបង្កើនប្រសិទ្ធភាព និងត្រូវបំផុសលើកកម្ពស់ការចូលរួមសហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់ជួយគាំទ្រការងារសុខាភិបាលនៅមូលដ្ឋាន។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តគោលនយោបាយ ដែលជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ ព្រមទាំងពង្រឹងអភិបាលកិច្ចស្នូល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7