នារសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងលើកទី ៤ ស្តីពីក្របខ័ណ្ឌ និងវិធានអធិការកិច្ច នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ។
កិច្ចប្រជុំលើកទី ៤ នេះមានគោលបំណងពិភាក្សាលើ ៖
១) ការធ្វើសមាហរណកម្ម ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអគ្គាធិការដ្ឋាន / អធិការដ្ឋាន
២) ពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំពិភាក្សា និងការរៀបចំនេះ គឺដើម្បីបែងចែកមុខងារ ភារកិច្ច រវាងអង្គភាព ទាំង ២នេះ កុំឲ្យប្រតិបត្តិការត្រួតស៊ីគ្នា។ ជាលទ្ធផល មានក្រសួងមួយចំនួន បានធ្វើសមាហរណកម្មអគ្គាធិការ / អធិការដ្ឋាន ជាមួយសវនកម្មផ្ទៃក្នុងតែមួយក្នុងការត្រួតពិនិត្យ អភិបាលអង្គភាពនានាក្រោមឱវាទក្រសួងតែមួយ និងមានក្រសួងមួយចំនួននៅរក្សារចនាសម្ព័ន្ធ សវនកម្មផ្ទៃក្នុង និងអគ្គាធិការដ្ឋាន /អធិការដ្ឋាន ទាំង ២ដដែល ដើម្បីជាយន្តការតាមដានត្រួតពិនិត្យ អង្គភាពផ្ទៃក្នុង និងផ្ទៃក្រៅក្រសួងស្ថាប័នតែត្រូវវិភាគ និងបែងចែកតួនាទីភារកិច្ច ឱ្យដាច់ពីគ្នា។ ក្រសួងសុខាភិបាលក៏ជាក្រសួង មួយដែលនៅរក្សាអង្គភាពទាំង ២នេះឱ្យនៅដដែល និងវិភាគមុខងារឱ្យបានច្បាស់លាស់ កុំឱ្យអនុវត្តការត្រួតគ្នា។