រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ បានដឹកនាំកិច្ចប្រជុំ ស្តីពីការចាប់ផ្តើម នៃក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) របស់ធនាគារពិភពលោក ដើម្បីពិនិត្យវឌ្ឍនភាព និងការអនុវត្តក្នុងគម្រោង H-EQIP 2 ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមសម្របសម្រួលគម្រោង ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមបច្ចេកទេសគម្រោង ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមហិរញ្ញវត្ថុ និងរដ្ឋបាលគម្រោង ឯកឧត្តម ភក្តី សម្បូណ៍ អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រុមការងារបេសកកម្មរួមមាន៖ World Bank, KOICA, GFF, DFAT, KfW និងក្រុមការងារបច្ចេកទេសដែលពាក់ព័ន្ធ នៃក្រសួងសុខាភិបាល។
គោលបំណង នៃកិច្ចប្រជុំរួមមាន៖ ១) បង្ហាញគោលបំណងរបស់ក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) ២) បង្ហាញពីចំណុចដែលបានរកឃើញរបស់ក្រុមបេសកកម្ម (Key Issues) ៣) ពិនិត្យមើលទៅលើវឌ្ឍនភាពការអនុវត្ត និងសម្រេចបាន ៤) ពិភាក្សាពីចំណុចសំខាន់ៗក្នុងការត្រៀមសម្រាប់ការពិនិត្យ និងវាយតម្លៃឡើងវិញនៃលទ្ធផលការងារពាក់កណ្តាលអាណត្តិនៃការអនុវត្តគម្រោង (Mid-Term Review) នាពេលខាងមុខនេះ។
ជាចុងក្រោយ លោកជំទាវប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ជូនក្រុមការងារអនុវត្តគម្រោង នៃក្រសួងសុខាភិបាល សូមសហការ និងចូលរួមពិភាក្សាឱ្យបានផុលផុសជាមួយក្រុមបេសកកម្មនៃធនាគារពិភពលោកទៅតាមផ្នែកពាក់ព័ន្ធនីមួយៗ ដើម្បីទទួលបានជាលទ្ធផល ក្នុងការបូកសរុបជារបាយការណ៍ចុងក្រោយ ដើម្បីជំរុញការងារឱ្យកាន់តែល្អប្រសើរទៅតាមការគ្រោងទុក។