រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូរបស់អង្គការ KOFIH ដែលមកពីប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃសកម្មភាពអនុវត្តការងារជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF) ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីតំណាងក្រុមការងារក្រសួងសុខាភិបាលដែលមកពី អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល, នាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ និងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព និងប្រតិភូរបស់អង្គការ KOFIH មកពីសកលវិទ្យាល័យ Yunsei នៃប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោកសាស្រ្តាចារ្យ CHUN-Bae Kim, ដែលរួមដំណើរដោយលោកស្រីសាស្រ្តាចារ្យ JIN-Won Noh មកពីនាយកដ្ឋានស្រាវជ្រាវគោលនយោបាយសុខភាពនៃវិទ្យាស្ថានសុខភាព និងសង្គមកិច្ចកូរ៉េ , និងលោកស្រីសាស្រ្តាចារ្យ EUN Young Park រួមទាំងសហការីផងដែរ។