រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវា នៅតាមផ្នែកមួយចំនួន និងឆ្លៀតចុះសួរសុខទុក្ខអ្នកជំងឺ ដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងយល់ពីការបម្រើសេវារបស់មន្រ្តីសុខាភិបាល ក្នុងការពង្រឹងគុណភាពបម្រើសេវាប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ជាមួយក្រមសីលធម៌វិជ្ជាជីវៈ និងដោយមិនមានការរើសអើង។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានទទួលមតិត្រឡប់ពីប្រជាពលរដ្ឋ អំពីក្រុមគ្រូពេទ្យដែលមានភាពរួសរាយរាក់ទាក់ និងប្រកបដោយសមត្ថភាព និងមិនមានការើសអើង រួមទាំងមានការកោតសរសើរពីការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យទៀតផង។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយនិស្សិតដែលកំពុងចុះកម្មសិក្សាផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ទៅលើផ្នែកវេជ្ជសាស្ត្រ។ ក្នុងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងមតិកែលម្អមួយចំនួន ដើម្បីជួយជំរុញដល់ដំណើរការចុះកម្មសិក្សាឱ្យកាន់តែល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។