រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញនាយកដ្ឋានមន្ទីរពេទ្យ បានចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដឹកនាំដោយ ឯកឧត្តម ជាង វុត្ថា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងជំហានបន្ទាប់សម្រាប់ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា ដែលនឹងរួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្ត គោលនយោបាយ និងអាទិភាពរបស់រាជរដ្ឋាភិបាល ពិសេសរបស់ក្រសួងសុខាភិបាល ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លើកម្ពស់ការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជនប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។