Cambodia
New Details

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
March 14, 2025

ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥​ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។

វគ្គបណ្តុះបណ្តាលសង្គ្រោះបន្ទាន់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងចំណេះដឹងជំនាញ សមត្ថភាព និងកាត់បន្ថយហានិភ័យការសង្គ្រោះបឋម សង្គ្រោះបន្ទាន់ ព្រមទាំងលើកកម្ពស់ការទទួលខុសត្រូវ របស់មន្ទីរពេទ្យថ្នាក់ខេត្ត ស្រុកក្នុងសហគមន៍ និងជំរុញពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីបង្កើនសុវត្ថិភាពដែលអាចឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមសាស្រ្តាចារ្យក៏បានមានអនុសាសន៍ណែនាំក្នុងវគ្គបណ្តុះបណ្តាល រួមមាន៖ 

ទី១. អភិវឌ្ឍធនធានមនុស្សផ្នែកសង្គ្រោះបន្ទាន់ដែលជាឆ្អឹងខ្នងរបស់មន្ទីរពេទ្យ ហើយការបណ្តុះបណ្តាលនេះ គឺជាគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល

ទី២. ផ្តោតលើ Patients Center Care រួមទាំងឥរិយាបថ ទឹកមុខ សំដីសំដៅ និងឯកសណ្ឋានសមរម្យ រួសរាយរាក់ទាក់ជាមួយអ្នកជំងឺ

ទី៣. ការបណ្តុះបណ្តាលនេះគឺជាឱកាសល្អសម្រាប់ទំនាក់ទំនងគ្នា ក្នុងការចែករំលែក និងផ្តល់យោបល់លើផ្នែកសង្គ្រោះបន្ទាន់ សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យខេត្ត ស្រុក ព្រមទាំងសហការគ្នាជាក្រុមដើម្បីចូលរួមដោះស្រាយបញ្ហារួមគ្នា ។

ទី៤.គោរពក្រមសីលធម៍វិជ្ជាជីវៈ បង្កើនទំនុកចិត្ត និងភាពជឿជាក់ពីអ្នកជំងឺ។

ឯកឧត្តមសាស្ត្រាចារ្យបានថ្លែងអំណរគុណ ដល់ក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ និងបានផ្តាំផ្ញើដល់សិក្ខាកាមដែលចូលរួមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ ទាំងទ្រឹស្តី និងអនុវត្តជំនាញក្នុងមន្ទីរពេទ្យឱ្យមានប្រសិទ្ធភាពភាពខ្ពស់។ 

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ដោយធ្វើបទបង្ហាញទ្រឹស្ដីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្រ្គោះបន្ទាន់ ការបង្ហាញពីការប្រើប្រាស់ម៉ាស៊ីនអេកូដើម្បីធ្វើរោគវិនិច្ឆ័យ និងវាយតម្លៃជំងឺហើមសួតស្រួចស្រាវ(OAP) ការបង្ហាត់បង្ហាញពីការប្រើម៉ាស៊ីនជំនួយដង្ហើម និងការបង្ហាញពី Semi Ambulance  នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រយៈពេល ២ថ្ងៃ ដោយមានការអញ្ជើញចូលរួមដឹកនាំក្រុមអនុវត្តផ្ទាល់ដោយឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សា និងជាអគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និងក្រុមគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ក្រុមការងារសម្របសម្រួល ដោយការិយាល័យគិលានុបដ្ឋាក និងឆ្មបនៃនាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល ព្រមទាំងសិក្ខាកាមដែលជា  ប្រធាន អនុប្រធានមន្ទីរពេទ្យខេត្ត និងស្រុក  វេជ្ជបណ្ឌិតផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកពិគ្រោះជំងឺក្រៅ ដែលអញ្ជើញមកពីខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលមានអ្នកចូលរួមសុរប ចំនួន ៥១រូប ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19