Cambodia
New Details

Image
កិច្ចប្រជុំគណៈកម្មការសម្របសម្រួលអំពីគម្រោងបង្ការជំងឺមិនឆ្លង និងពិនិត្យវឌ្ឍនភាពលទ្ធផលការងាររបស់គម្រោងអង្គការJICA ស្ដីពីការគ្រប់គ្រងជំងឺមិនឆ្លងនៅក្នុងខេត្តកំពង់ចាម ឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥
March 14, 2025

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល អំពីគម្រោងបង្ការជំងឺមិនឆ្លងលើកទី១។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពលទ្ធផលការងាររបស់គម្រោងអង្គការJICA ស្ដីពីការគ្រប់គ្រងជំងឺមិនឆ្លងនៅក្នុងខេត្តកំពង់ចាមឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំទៅដល់គ្រប់ភាគីពាក់ព័ន្ធពិសេសនាយកដ្ឋានជំនាញ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ឱ្យខិតខំយកចិត្តទុកដាក់សហការជិតស្និតជាមួយដៃគូពាក់ព័ន្ធពិសេសអង្គការJICA ដែលបានឧបត្ថម្ភគាំទ្រគម្រោងនេះនៅក្នុងខេត្តកំពង់ចាម និងស្នើសុំឱ្យអង្គការJICA ពិនិត្យមើលលទ្ធភាពក្នុងការជំរុញបន្ថែមនូវការអនុវត្តគម្រោងនេះឱ្យបានកាន់តែមានប្រសិទ្ធភាពនិងបានទូលំទូលាយថែមទៀតនៅក្នុងខេត្តកំពង់ចាមក៏ដូចជាខេត្តផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ អង្គការJICA បានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួន និងបានធ្វើការកោតសរសើរទៅដល់ថ្នាក់ដឹកនាំពិសេសឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដឹកនាំវិស័យសុខាភិបាលប្រកបដោយភាពវាងវៃ និងច្នៃប្រឌិតខ្ពស់ ដែលមកដល់ពេលនេះវិស័យសុខាភិបាលមានការរីកចម្រើនខ្លាំង គួរឱ្យកត់សម្គាល់ជាពិសេសផ្នែកជំងឺមិនឆ្លង ដោយអង្គការ JICA សង្កេតឃើញថារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង។

សូមបញ្ជាក់ផងដែរកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងអង្គការJICAប្រធាននាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានការពារសុខភាព នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តនិងស្រុកក្នុងខេត្តកំពង់ចាម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7