(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់អ៊ែនមូន រីវើសាយ ភ្នំពេញ ដោយមានការអនុញ្ញាតិពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក២០២៥ និងសន្និសីទស្ដីពីសិទ្ធិអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ការផ្លាស់ប្ដូរឆ្ពោះទៅរកការរស់នៅប្រកបដោយចីរភាព (Just Transition to Sustainable Lifestyles)” ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រេីប្រាស់«គ.ជ.ក.ប» នឹងមានការអញ្ជើញចូលរួមពី លោក ចូស្ត ស្កាដែល (Jost Kadel) ភារធារីនិងជាប្រធានបេសកកម្មថ្មី នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ នានាជាច្រើនរូប។
ថ្លែងក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ទៅកាន់ក្រុមការងារនិងភាគីពាក់ព័ន្ធទាំងអស់ដែលបានរៀបចំនូវកម្មវិធីនេះឡើង ដើម្បីពង្រឹងការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ជំរុញការបង្កើតទីផ្សារផ្តល់ជាជម្រើសដ៏ប្រសើរដល់អ្នកប្រើប្រាស់ដែលជាកម្លាំងចលករដ៏សំខាន់នៃការរុញច្រាន ដល់កំណើនសេដ្ឋកិច្ចសង្គម។
លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា នៅប្រទេសកម្ពុជាចាប់តាំងពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានអនុម័តដាក់ឱ្យប្រើកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មដោយមានកិច្ចសហការរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បាននឹងកំពុងបន្តផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិនានាជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នៅតាមបណ្តារាជធានី ខេត្ត និងបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយន្តការជាក់លាក់ដើម្បីការពារអ្នកប្រើប្រាស់ ក្នុងនោះរួមមាន៖ (១). ការកសាងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីបង្កើនការការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់ (២).ការជំរុញការប្រកួតប្រជែងដោយសុចរិត និងការធ្វើសកម្មភាពធុរកិច្ចជាមួយគ្នាដោយមានទំនុកចិត្ត (៣).កិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍគោលនយោបាយការពារអ្នកប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកជំទាវរដ្ឋមន្រ្តី បានបន្ថែមថាការការពារសិទ្ធិអ្នកប្រើប្រាស់ ជាកិច្ចការនិងជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ព្រោះការគាំពារអ្នកប្រើប្រាស់ គឺជាការគាំពារដល់ខ្លួនយើងទាំងអស់គ្នាហើយក្នុងនាមជាអ្នកប្រើប្រាស់ យើងមានសិទ្ធទទួលបាននូវផលិតផលទំនិញ និងសេវាមានគុណភាព និងសុវត្ថិភាពជាពិសេសយើងមានសិទ្ធិទទួលបាននូវព័ត៌មានដែលត្រឹមត្រូវនិងគ្រប់គ្រាន់ព្រមទាំងមានសិទ្ធិទទួលបាននូវដំណោះស្រាយ នៅពេលដែលសិទ្ធិនិងផលប្រយោជន៍របស់យើង ត្រូវបានបំពាន។