Cambodia
New Details

Image
ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម  Susumu Tai កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន
March 18, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Susumu Tai កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធនឹងការសម្របសម្រួលទិញរថយន្តគិលានសង្គ្រោះទំនើបបំផុត ចំនួនពីរគ្រឿងពីប្រទេសជប៉ុន ដោយប្រើប្រាស់ថវិកាជាតិ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណនូវការរួមចំណែក ដ៏ធំធេងរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែចូលរួម គាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងការធ្វើឱ្យប្រសើរ ឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តលើក អំពីតម្រូវការរថយន្តគិលានសង្គ្រោះដែលមានស្តង់ដាបច្ចេកទេសខ្ពស់ បំពាក់មកជាមួយនូវឧបករណ៍ បរិក្ខារសង្គ្រោះទំនើបៗ។ 

ឯកឧត្តមកុងស៊ុលកិត្តិយស បានជម្រាបជូនអង្គប្រជុំថា បន្ទាប់ពីទទួលបានសំណូមពររបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមបានខិតខំស្វែងរក និងជ្រើសរើស រថយន្តគិលានសង្គ្រោះ ដែលទំនើបបំផុតរបស់ជប៉ុន ផលិតដោយក្រុមហ៊ុនតូយ៉ូតា ម៉ូដែល Himedic ដែលជារថយន្តគិលានសង្គ្រោះទំនើបបំផុតលំដាប់អន្តរជាតិ ដោយមានបំពាក់ដោយឧបករណ៍សម្ភារៈ បរិក្ខារសង្គ្រោះ បន្ទាន់ទំនើបៗ ស្របតាមតម្រូវការជាក់ស្តែងរបស់ក្រសួងសុខាភិបាល។ រថយន្តគិលានសង្គ្រោះ ទំនើបទាំងពីរគ្រឿងនេះ គ្រោងនឹងនាំចូលមកដល់កម្ពុជានៅមុនដំណាច់ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។  

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈ ឯកឧត្តមកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដៃ (Sendai) ក្នុងប្រទេសជប៉ុន ចំពោះជំនួយសប្បុរសជាច្រើននាពេលកន្លងមក ព្រមទាំងស្នើពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ដើម្បី ឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5