Cambodia
New Details

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះពិនិត្យប្រសិទ្ធភាពការបម្រើសេវាសុខាភិបាល ការប្រើប្រាស់បណ្ណមូលនិធិសមធម៌ និងប.ស.ស. នៅមន្ទីរពេទ្យព្រះអង្គឌួង
March 19, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ការបម្រើសេវាសុខាភិបាល និងការប្រើប្រាស់សេវាមូលនិធិសម៌ និងប.ស.ស របស់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង។

ការមកទទួលសេវារបស់បងប្អូនប្រជាពលរដ្ឋ និងការបម្រើសេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យ ជាពិសេសការបម្រើសេវាផ្នែក ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាលជូនដល់ប្រជាពលរដ្ឋ កាន់តែមានការកើនឡើង និងមានភាពមមាញឹកជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ការកើនឡើងនៃការមកទទួលបម្រើសេវានាពេលនេះ បង្ហាញពីការជឿទុកចិត្ត និងភាពរីកចម្រើនលើសេវាសាធារណៈ។ ទន្ទឹមនឹងការរីកចម្រើន ក្នុងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំ និងបន្តជម្រុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងផ្នែក ប.ស.ស. កាន់តែបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដោយស្របតាមការអនុវត្តន័ នៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល ឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាល និងសួរសុខទុក្ខអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីស្វែងយល់ពីការបម្រើសេវារបស់មន្រ្តីសុខាភិបាល ក្នុងការពង្រឹងគុណភាពបម្រើសេវាប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ជាមួយក្រមសីលធម៌វិជ្ជាជីវៈ និងដោយមិនមានការរើសអើង។ 

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំដែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ទាំងមន្ទីរពេទ្យ និងប.ស.ស. អំពីការខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដែលប្រៀបបានដូចជាកូន ជាចៅ និងក្រុមគ្រួសារផ្ទាល់ ដោយបានបង្ហាញពីភាពកក់ក្តៅ រួសរាយរាក់ទាក់ និងក្នុងឥរិយាបទល្អ សំដៅគុណភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធភាព។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តល់ជាអនុសាសន៍គន្លឹះៗ ក្នុងការរៀបចំឱ្យមានភាពកាន់តែល្អប្រសើរបន្ថែមទៀត ដោយត្រូវចុះពិនិត្យ និងជួយសម្រួលឱ្យបានញឹកញាប់ដល់បងប្អូនដែលរង់ចាំ មិនត្រូវមើលរំលងករណីតម្រូវការជួយបន្ទាន់ ករណីចាស់ជរា ពិការភាព ករណីផ្ទៃពោះ ជាដើម និងបន្តរក្សាប្រសិទ្ធភាពនៃការបម្រើសេវាឱ្យនៅតែមានគុណភាព ជាមួយនឹងការបង្កើតយន្តការរៀបចំផែនការរយៈពេលខ្លី និងរយៈពេលវែង ដោយពិនត្យយ៉ាងល្អឹតល្អន់បំផុត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19