ខេត្តកំពង់ចាម៖ នារសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងពិនិត្យវឌ្ឍនភាព សួរសុខទុក្ខមន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យបង្អែកបាធាយ (CPA2)។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យបង្អែកបាធាយ និងជាពិសេសបន្តពិនិត្យទៅលើផែនការរៀបចំកែលម្អរចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម និងបន្ទប់វះកាត់ នៃមន្ទីរពេទ្យ ដែលជាគម្រោងកែលម្អមន្ទីរពេទ្យទាំង៦១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានពិនិត្យទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យបង្អែកបាធាយ មានហេដ្ឋារចនាសម្ព័ន្ធសមស្រប និងទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ ដែលបានមកទទួលសេវាផងដែរ។ ទាំងជាយ៉ាងក្តី ក៏មន្ទីរពេទ្យបង្អែកនេះ នៅមានតម្រូវការចាំបាច់មួយចំនួន ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងការអភិវឌ្ឍនសមត្ថភាពធនធានមនុស្សដែលស្រាប់ ក្នុងការបណ្តុះបណ្តាលជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីបង្កើនចំណេះជំនាញ និងបច្ចេកទេសបន្ថែមទៀត។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ជូនថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀត និងអភិវឌ្ឍន៍សមត្ថភាពដែលមានស្រាប់អោយបានកាន់តែខ្លាំង មាំទាំ ដើម្បីបម្រើក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែទូលំទូលាយ និងមានភាពរីកចំរើន ដែលស្របតាមសម័យឌីជីថល និងនវានុវត្តន៍។