Cambodia
New Details

Image
ពិធីបិទសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
March 21, 2025

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង  អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ សន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន សហការជាមួយភាគីដៃគូ។

សន្និបាតមានរយៈពេល ២ថ្ងៃ និង មានបំណងដើម្បីពិនិត្យមើលវឌ្ឈភាពការងារ ប្រចាំឆ្នាំ២០២៤ និង បញ្ហាប្រឈមដែលជួបប្រទះ ព្រមទាំងលើកទិសដៅសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្ត ក្នុងនោះពិនិត្យ និងពិភាក្សា លើការងារចាំបាច់ទាំងឡាយ ដើម្បីជំរុញការស្រាវជ្រាវករណីជំងឺរបេងគ្រប់សណ្ឋាន របេងកុមារ និង របេងស៊ាំថ្នាំ ឱ្យបានតាមទិសដៅថ្មី របស់កម្មវិធីជាតិ ស្របតាមទិសដៅ អន្តរជាតិ ដែលមានគោលដៅកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេងឱ្យថយចុះជាលំដាប់ទៅតាមផែនការយុទ្ធសាស្ត្រ នៃក្រសួងសុខាភិបាល ។ 

ក្នុងឱកាសនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ធ្វើឱ្យកម្មវិធីជាតិកំចាត់រោគរបេងទទួលបានជោគជ័យដ៏ប្រសើរនាឆ្នាំ២០២៤ ព្រមទាំងបានផ្តល់អនុសាសន៍បន្ថែម ឲ្យអង្គសន្និបាតយកចិត្តទុកដាក់សម្រាប់អនុវត្តការងារ និងសម្រេចបាន ទិសដៅដែលបានកំណត់សម្រាប់ ឆ្នាំ២០២៥   ស្របតាមផែនការយុទ្ធសាស្រ្តជាតិបពា្ចប់ជំងឺរបេង  និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ 

អង្គសន្និបាតប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល តំណាងក្រសួងពាក់ព័ន្ធ គម្រោងមូលនិធិសកល មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ  មន្ទីរសុខាភិបាល រាជធានីខេត្ត តំណាងដៃគូអភិវឌ្ឍន៍ដែលមានចំនួនសរុបប្រមាណ ២៣៨រូប។

Image 1
Image 2
Image 3
Image 4
Image 5