ខេត្តបាត់ដំបង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិដើម្បីបណ្តុះបណ្តាល ពង្រឹងសមត្ថភាពផ្នែកសង្រ្គោះបន្ទាន់ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីបន្តពង្រឹងសមត្ថភាពចំណេះដឹង ជំនាញ ជាគ្រូបង្គោលរបស់មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យស្រុក និងបន្តដល់មណ្ឌលសុខភាព ក្នុងទិសដៅជំរុញសេវាសុខាភិបាលរក្សាបាននិយាមប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាព ឆ្លើយតបតាមតម្រូវការពិតប្រាកដជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយធ្វើបទបង្ហាញទ្រឹស្ដីចំនួន៣ថ្ងៃ និងចុះអនុវត្តផ្ទាល់ រយៈពេល ២ថ្ងៃ នៅផ្នែកសង្រ្គោះបន្ទាន់ និងផ្នែកប្រពោធនកម្មនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ និងបានផ្តាំផ្ញើដល់សិក្ខាកាមដែលចូលរួមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ ទាំងទ្រឹស្តី និងអនុវត្តជំនាញក្នុងមន្ទីរពេទ្យឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់។
ការរអនុវត្តផ្ទាល់ ជាមួយបច្ចេកវិទ្យាម៉ាស៊ីនអេកូសាស្ត្រ ធ្វើការញែករោគវិនិច្ឆ័យរវាងជំងឺហើមសួតស្រួចស្រាវ (OAP) និងជំងឺស្ទះសរសៃឈាមបេះដូង ព្រមទាំងការបង្ហាញពីការសិក្សាលើករណីពិតផ្ទាល់ (real case approach) ត្រូវបានដឹកនាំដោយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស គ្រូបង្គោលថ្នាក់ជាតិ មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យតេជោសន្តិភាព មន្ទីរពេទ្យព្រះអង្គឌួង ក្រុមការងារសម្របសម្រួល ដោយការិយាល័យគិលានុបដ្ឋាក និងឆ្មបនៃនាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល។ សិក្ខាកាមដែលជា ប្រធាន អនុប្រធានមន្ទីរពេទ្យខេត្ត និងស្រុក វេជ្ជបណ្ឌិតផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកពិគ្រោះជំងឺក្រៅ ដែលអញ្ជើញមកពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមសរុបចំនួន ៤៦រូប។