ខេត្តបន្ទាយមានជ័យ ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាត និងណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពចំនួន១២ក្នុងខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យធ្វើឡើងក្នុងគោលបំណងជួយជំរុញការធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់និងសមធម៌ដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖
១. ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អ អាគារនិងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២. ការពង្រឹងសមត្ថភាពបុគ្គលិកនិងការគ្រប់គ្រងធនធានមនុស្ស
៣. ការគ្រប់គ្រងការចែកចាយឱសថ វ៉ាក់សាំងនិងការថែទាំសម្ភារៈ បរិក្ខារពេទ្យ
៤. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូននិងប្រព័ន្ធទំនាក់ទំនង
៥. ការបំពេញការងារប្រចាំការនិងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍
៦. ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៧. ការបណ្តុះបណ្តាលបន្ថែមលេីបច្ចេកទេសនិងប្រព័ន្ធឌីជីថល។
ជាចុងក្រោយលោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងការចុះពិនិត្យនោះដែរក៏មានការចូលរួមសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិប៉ោយប៉ែត ចុះពិនិត្យនៅមណ្ឌលសុខភាពសំរោង ចង្ហា កូប សឹង្ហ សូភី និមិត្ត ទួលពង្រ អូរសំព័រ អូរស្រឡៅ ម៉ាឡៃ ប៉ុស្តិ៍សុខភាពអន្លង់ស្វាយ និងប៉ុស្តិ៍សុខភាពបឹងជង្រុក (មណ្ឌលសុខភាពបឹងជង្រុកតេជោឈ្នះឈ្នះ)៕