Cambodia
New Details

Image
ពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្រោមប្រធានបទ៖ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ ២០២៥ ប្រកបដោយនិរន្តរភាព»
March 24, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៥ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្រោមប្រធានបទ៖ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ ២០២៥ ប្រកបដោយនិរន្តរភាព»។

សន្និបាតនេះ មានរយៈពេលចំនួន ០២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងរួម ដើម្បីពិនិត្យមើលពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥។

សន្និបាតនេះ មានសមាសភាពចូលរួមសរុបចំនួន ៣៣៩នាក់ ដែលអញ្ជើញមកពីក្រសួងសុខាភិបាល អន្តរក្រសួង (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងធម្មការ និងសាសនា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ក្រសួងរ៉ែ និងថាមពល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍) និងស្ថាប័នពាក់ព័ន្ធ (សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា) ព្រមទាំងអង្គដៃគូ (WHO, UNOPS, NIH, ADB-PMU, CHAI, CRS, MC, APLMA , IPC, Chemonics-PSM, DKSH Cambodia, HKBU) ហើយក៏មានការអញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) ចំនួន ១៣៦នាក់ (ប្រធានមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងប្រធានមណ្ឌលសុខភាព) ផងដែរ។

ក្នុងពិធីបើក លោកជំទាវរដ្ឋលេខាធិការ បានរំលឹកពីការណែនាំទាំង ៥ចំណុច របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សម្រាប់កម្មវិធីគ្រុនចាញ់ ១)ត្រូវស្រាវជ្រាវរកឱ្យឃើញរាល់ករណីគ្រុនចាញ់ ហើយព្យាបាលផ្តាច់ ២)ត្រូវបន្តធ្វើការបណ្តុះបណ្តាលពីការចម្លងជំងឺ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការបង្ការជំងឺគ្រុនចាញ់ ដល់គ្រូពេទ្យ ឬអ្នកពាក់ព័ន្ធនៅតាមសហគមន៍ ឬកងកម្លាំង ៣)ត្រូវផ្តល់ថ្នាំបង្ការ នៅគ្រប់តំបន់មានហានិភ័យចម្លងជំងឺគ្រុនចាញ់ ៤)គ្រប់អង្គភាពទាំងអស់ ត្រូវធានាមិនឱ្យមានការឆ្លងជំងឺគ្រុនចាញ់នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ៥)បង្ការករណីនាំចូលពីអ្នកដំណើរមកពីប្រទេសដែលមានជំងឺគ្រុនចាញ់៖ តាមរយៈការចូលរួមសហការជាមួយក្រុមចត្តាឡីស័ក្កនៅតាមច្រកចេញ-ចូលអន្តរជាតិ។

លោកជំទាវរដ្ឋលេខាធិការ ក៍បានផ្តល់នូវការណែនាំលើការបន្តពង្រឹងភាពជាអ្នកដឹកនាំ ភាពជាម្ចាស់ ប្រកបដោយនវានុវត្តន៍ និងបុរេសកម្ម តាមរយៈ ការធ្វើទំនើបកម្មបច្ចេកវិទ្យា ព័ត៌មានវិទ្យាសម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បន្តអនុវត្តបុរេសកម្មគ្រប់គ្រងភ្នាក់ងារសត្វមូស និងវិធានការបង្ការសកម្មតាមដានស្ថានភាពមូស និងកំចាត់មូស និង កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន បន្តពង្រឹង និងពង្រីកវិសាលភាពលេបថ្នាំទម្លាក់ព្រូនជាសមូហភាពដល់ប្រជាជនគោលដៅឱ្យមានអត្រាគ្របដណ្តប់ខ្ពស់។

ជាមួយនោះផងដែរ លោកជំទាវរដ្ឋលេខាធិការបានក្រើនរំលឹកអជ្ញាធរសុខាភិបាលថ្នាក់ក្រោមជាតិ និងគ្រប់អង្គភាពទាំងអស់ត្រូវចូលរួមតាមដានខ្ពស់បំផុត និងធានាមិនឱ្យមានការឆ្លងជំងឺគ្រុនចាញ់នៅក្នុងភូមិសាស្ត្រតំបន់គ្រប់គ្រងរបស់ខ្លួន ដោយប្រតិបត្តិតាមអភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ជាប្រចាំ ឱ្យមានប្រសិទ្ធភាព ក្នុងភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំនៃប្រតិភូកម្មវិមជ្ឈការការងារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19