ខេត្តកំពង់ចាម៖ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ការបង្ការ និងការត្រួតពិនិត្យដល់សិក្ខាកាមជាគ្រូបង្គោលមកពី មន្ទីរពេទ្យកម្រិត CPA3 ទូទាំងប្រទេសដែលមានចំនួនសរុប ៣៦រូប។
គោលបំណង នៃបណ្តុះបណ្តាលគ្រូបង្គោលដើម្បីឱ្យសិក្ខាកាមយល់ដឹងពីពិធីសារការបង្ការ និងការត្រួតពិនិត្យការចម្លងរោគហើយសិក្ខាកាមត្រូវយកចំណេះដឹងនេះទៅអនុវត្តការងារ និងផ្សព្វផ្សាយបន្តដល់បុគ្គលិកក្នុងមន្ទីរពេទ្យឱ្យបានគ្រប់គ្នាដើម្បីរួមចំណែកធ្វើឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសុវត្ថិភាពសម្រាប់អ្នកជំងឺ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានផ្តាំផ្ញើទៅសិក្ខាកាមឱ្យមានការរំលឹកគ្រប់ពេលវេលាសម្រាប់កម្មវិធីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ(IPC) ព្រោះIPC ជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកកាត់បន្ថយការចម្លងរោគក្នុងមន្ទីរពេទ្យដែលជាហេតុនាំឱ្យមានការសម្រាកពេទ្យរយៈពេលយូរ ត្រូវត្រួតពិនិត្យគ្រប់ផ្នែកទាំងអស់ក្នុងការងារ IPC ជាពិសេសផ្នែកស្តេរីលដែលជាផ្នែកសំខាន់ជាងគេក្នុងមន្ទីរពេទ្យ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់នាយកដ្ឋានមន្ទីរពេទ្យ អង្គការដៃគូ និងក្រុមការងារទាំងអស់ដែលបានចូលរួមកន្លងមក បន្តពង្រឹងសមត្ថភាព គុណភាព សីលធម៌វិជ្ជាជីវៈឱ្យកាន់តែប្រសើឡើងដើម្បីឱ្យវិស័យសុខាភិបាលរីកចម្រើនជាលំដាប់ និងសូមឱ្យអង្គការដៃគូទាំងអស់ជួយគាំទ្រទាំងបច្ចេកទេស និងថវិកា លើការងារ IPC នេះជាបន្តទៀត។