រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក វិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី
ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកផែនការសកម្មភាពការងារឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី (ក.ជ.ក.ស) ដែលកិច្ចប្រជុំនេះបានដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការពិនិត្យលើលទ្ធផលការងារដែលសម្រេចបាន ភាពខ្វះចន្លោះ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តគោលនយោបាយ និងអនុសាសន៍គន្លឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុ ប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងគោលដៅជំរុញបន្ថែមទៀតក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីនៅក្នុងគ្រួសារ និងសង្គមជាតិប្រកបដោយ សមភាព និងបរិយាបន្ន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្ត្រី និងលោកជំទាវ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងស្ថាប័នពាក់ព័ន្ធ។