រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រុមការងារក្រសួងសុខាភិបាល ចូលរួមប្រជុំត្រីភាគី រវាងក្រសួងសុខាភិបាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និង និយ័តករសន្តិសុខសង្គម (ន.ស.ស.) ដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័នទាំង៣ ក្នុងគោលបំណងរួម គឺលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍សម្រាប់សមាជិក ប.ស.ស. និងអ្នកផ្តល់សេវាសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងមន្ត្រីជំនាញក្រសួងសុខាភិបាល ប.ស.ស. និង ន.ស.ស. សរុបចំនួន ២៥នាក់។