ខេត្តកំពង់ស្ពឺ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យបង្អែកចំនួន៤ នៅក្នុងខេត្តកំពង់ស្ពឺនិងខេត្តកណ្ដាល ដើម្បីធ្វើការកែលម្អ និងពង្រឹងការផ្ដល់សេវាផ្នែកសង្គ្រោះបន្ទាន់ ប្រពោធនកម្ម និងផ្នែកវះកាត់។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាមតិយោបល់និងធាតុចូលជាច្រើនជូនទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ដូចជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាលពាក់ព័ន្ធ ដើម្បីរៀបចំផែនការឱ្យបានត្រូវចំគោលដៅនិងមានប្រសិទ្ធភាព និងជំរុញឱ្យពន្លឿននូវផែនការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្គ្រោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់ឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនិយាមដែលក្រសួងសុខាភិបាលបានណែនាំ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ដូចជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ឱ្យគិតគូរអំពីការពង្រឹងគុណភាព សមត្ថភាពរបស់មន្ត្រីសុខាភិបាលពាក់ព័ន្ធ ដោយធ្វើការបណ្ដុះបណ្ដាលនៅនឹងកន្លែងរឺក៏បញ្ជូនទៅធ្វើការបណ្ដុះបណ្ដាលបន្តនៅមន្ទីរពេទ្យខេត្តរឺមន្ទីរពេទ្យជាតិក្នុងករណីចាំបាច់ដើម្បីមានធនធានមនុស្សគ្រប់គ្រាន់និងពេញលេញក្នុងការផ្ដល់សេវានាពេលដ៏ឆាប់ខាងមុខនេះ។
សូមបញ្ជាក់ផងដែរ មន្ទីរពេទ្យបង្អែកទាំង៤ រួមមាន មន្ទីរពេទ្យបង្អែកគងពិសី(CPA2) មន្ទីរពេទ្យបង្អែកឧដុង្គ(CPA2) មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង(CPA1) ក្នុងខេត្តកំពង់ស្ពឺ និងមន្ទីរពេទ្យបង្អែកពញ្ញាឮ(CPA2) ក្នុងខេត្តកណ្ដាល។