រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហ្លួងម៉ែ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩ អាណត្ដិទី១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យហ្លួងម៉ែ។
កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗចំនួន៤ ត្រូវបានដាក់មកពិនិត្យ និងធ្វើការអនុម័ត ដោយរបៀបវារៈទាំង៤នោះរួមមាន៖
១-របាយការណ៍វឌ្ឍនភាពការងាររបស់មន្ទីរពេទ្យ
២-របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី១ ឆ្នាំ២០២៥
៣-ផែនការកែតម្រូវលទ្ធកម្មឆ្នាំ២០២៥
៤-ផ្សេងៗ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានក្រើនរំលឹកនិងផ្ដល់ជាការណែនាំទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ឱ្យបន្តខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាពប្រសិទ្ធភាព និងសមធម៌ក្នុងពេលដែលមន្ទីរពេទ្យហ្លួងម៉ែនេះ រាជរដ្ឋាភិបាលបានធ្វើទំនើបកម្មបំពាក់ឧបករណ៍សម្ភារៈបច្ចេកវិទ្យាទំនើបៗ។
សូមបញ្ជាក់ផងដែរ មន្ទីរពេទ្យហ្លួងម៉ែ បានដាក់ឱ្យដំណើរការពេញលេញទាំងផ្នែកពិគ្រោះជំងឺក្រៅ និងផ្នែកសម្រាកពេទ្យ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅពេលឆាប់ៗខាងមុខ។