Cambodia
New Details

Image
ការចុះត្រួតពិនិត្យវឌ្ឍនភាព និងគាំទ្រជំរុញបង្កើនសមត្ថភាពការផ្ដល់សេវា​នៅមណ្ឌលសុខភាព ក្នុងខេត្តព្រះវិហារ
March 30, 2025

ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ ទទួលជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារនៅតាមបណ្តាមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន១២ ក្នុងខេត្តព្រះវិហារ។

ការត្រួតពិនិត្យនៅតាមមណ្ឌលសុខភាពនេះ ក្នុងគោលបំណងជួយពិនិត្យ និងគាំទ្រក្នុងការអនុវត្តការងារ ដើម្បីជំរុញបង្កើនសមត្ថភាពការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាពល្អប្រសើរ ប្រសិទ្ធភាពខ្ពស់ និងផ្ដល់នូវភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតទៅលើការផ្តល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាអាទិភាពចំបង។ 

ការចុះមកពិនិត្យ និងគាំទ្រការពង្រឹងគុណភាពសេវាមណ្ឌលសុខភាពនេះ ផ្តោតសំខាន់ជំរុញលើចំណុចមួយចំនួនរួមមាន៖

១. ធានាការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ 

២. ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ

៣. អនាម័យ បរិស្ថាន ក្នុងនិងជុំវិញបរិវេណមណ្ឌលសុខភាព

៤. ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

៥. ការគ្រប់គ្រងនិងការថែទាំឱសថ សម្ភារៈបរិក្ខារពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា

៦. ការរៀបចំនិយាមលំហូរការទទួលពិនិត្យ និងព្យាបាលអ្នកជំងឺ (Triage)

៧. ការរៀបចំផែនការសកម្មភាព និងការតាមដានពិនិត្យវឌ្ឍនភាពការងារ

៨. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ចូនអ្នកជំងឺ

៩. ស្វែងយល់ពីឬសគល់នៃបញ្ហា និងរិះរកដំណោះស្រាយឱ្យចំគោលដៅ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត និងក្រុមកាងារក៏បានជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរដល់អ្នកជំងឺព្រមទាំងក្រុមគ្រួសារ ហើយឯកឧត្តមវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ មានការសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ រួមនិងលោកវេជ្ជបណ្ឌិត យុន សោភ័ណតារា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បែងមានជ័យ ដោយបានធ្វើការចុះទៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន ១២ទីតាំង រួមមាន៖ (១)មណ្ឌលសុខភាព កោះកេរ្តិ៍ (២)មណ្ឌលសុខភាព គូលែន (៣)មណ្ឌលសុខភាព ត្បែងមានជ័យ (៤)មណ្ឌលសុខភាព សែនជ័យ (៥)មណ្ឌលសុខភាពឈើទាលគង  (៦)មណ្ឌលសុខភាព បុស្សស្បូវ  (៧)មណ្ឌលសុខភាព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (៨)មណ្ឌលសុខភាព ស្រអែម (៩)មណ្ឌលសុខភាពច្រាច់ (១០)ប៉ុស្តិ៍សុខភាព ព្រះឃ្លាំង (១១)ប៉ុស្តិ៍សុខភាព ដូនម៉ា និង(១២)ប៉ុស្តិ៍សុខភាព ស្រែវាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18