កំពង់ឆ្នាំង៖ ថ្ងៃចន្ទ ៣កើត ដល់ថ្ងៃអង្គារ ៤កើត ខែចែត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ មីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវ ប៉ែនរិកស៊ី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី និងបើកសិក្ខាសាលាពិគ្រោះយោបល់អំពីម៉ូឌុលបន្ថែមលើនិយាមបណ្តុះបណ្តាល ស្តីពីការពង្រឹងសមាហរណកម្មយេនឌ័រក្នុងវិស័យសុខាភិបាល ដែលអង្គសិក្ខាសាលានេះមានគោលបំណងបង្កើតម៉ូឌុលបន្ថែមលើម៉ូឌុលនៃនិយាមបណ្តុះបណ្តាល ស្តីពីការពង្រឹង សមាហរណកម្មយេនឌ័រក្នុងវិស័យសុខាភិបាលឆ្លើយតបទៅនឹងសមភាពយេនឌ័រនិងបរិយាប័ន្នសង្គមក្នុងវិស័យសុខាភិបាល។
នៅក្នុងពិធីបើកអង្គសិក្ខាសាលាដែលមានរយពេល២ថ្ងៃនេះ លោកជំទាវប៉ែនរិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រនៃក្រសួងសុខាភិបាលបានណែនាំដល់អង្គសិក្ខាកាម ក្នុងការពង្រឹងភាពអង់អាចដល់ ថ្នាក់ដឹកនាំ និងភ្នាក់ងារអនុវត្តគម្រោង H-EQIP២ ក្នុងការដាក់បញ្ចូលគោលការណ៍ក្របខ័ណ្ឌនៃសមភាពយេនឌ័រ និងបរិយាបន្ន សង្គម ទៅក្នុងការអនុវត្តប្រចាំថ្ងៃរបស់ខ្លួន។ ការងារនេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការសម្រេច បាន សមធម៌ ក្នុងសេវាថែទាំព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះ ការ អភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការគ្របដណ្តប់សុខភាពជាសកលផងដែរ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួម ដោយលោកសាស្រ្តាចារ្យ កឹម សាវួនអនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោក លោកស្រីជាអនុប្រធាននាយកដ្ឋានជាលេខាធិការដ្ឋានក្រុមការងារបញ្រ្ជាបយេនឌ័រ តំណាងអង្គភាព៥ ដែលកំពុងអនុវត្តគម្រោង H-EQIP2 ទីប្រឹក្សាបច្ចេកទេសយេនឌ័ររបស់ធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍ DFAT សរុបចំនួន ៣៥នាក់។